បាល់ទាត់

Buriram ចាប់អារម្មណ៍ខ្សែបម្រើជម្រើសជាតិអូបេ៊គីស្ថានម្នាក់ នាំមកបំពេញកូតាកីឡាករអាស៊ី

ក្លិបជើងឯករងនៃលីគកំពូលថៃរដូវកាលមុន២០១៩ Buriram United ត្រូវបានសារព័ត៌មានថៃ ទម្លាយឲ្យដឹងអំពីគោលដៅកីឡាករបរទេសម្នាក់មកចូលរួមក្រុម ដើម្បីបំពេញកូតាកីឡាករសញ្ជាតិអាស៊ី ត្រៀមពេលសកម្មភាពបាល់ទាត់វិលត្រឡ់បមកវិញ។

ដើមឡើយ! ក្នុងរដូវកាលនេះក្លិបយក្សថៃ Buriram United គឺមានកីឡាករសញ្ជាតិកូរ៉េខាងត្បូងដែលលេងក្នុងតំណែងបម្រើការពារ Jung Jae-Yong រួចទៅហើយ ប៉ុន្តែក្រោយសកម្មភាពបាល់ទាត់ត្រូវបានផ្អាកការប្រកួតរយៈពេលយូរ ក៏បានសម្រេចផ្តាច់កិច្ចសន្យារវាងភាគីទាំងពីរបានយល់ព្រមដូចគ្នា។ ក្រៅពីកីឡាករកូរ៉េខាងត្បូងរូបនេះ ក្លិបក៏បានផ្តាច់កិច្ចសន្យាកីឡាករបរទេសចំនួន ២រូបទៀតរួមមាន Andres Tunez សញ្ជាតិវេណេហ្ស៊ុយអេឡា និង  Ricardo Bueno សញ្ជាតិប្រេស៊ីលផងដែរ។

ក្រឡេកមើលសមាសភាពកីឡាករថ្មីដែលបង្កើតនូវពាក្យចចាមអារ៉ាមនោះគឺ Akbar Ismatullaev ដែលលេងក្នុងតំណែងខ្សែបម្រើសញ្ជាតិអូប៊េគីស្ថាន។ បច្ចុប្បន្នភាពមានវ័យ ២៩ឆ្នាំ និងកំពុងប្រកបអាជីពនៅលីគកំពូលក្នុងស្រុកកំណើតជាមួយក្លិប PFK Metallurg Bekabad  ខណៈរូបគេក៏ជាសមាជិកនៃក្រុមជម្រើសជាតិអូប៊េគីស្ថានផងដែរ។

គួរបញ្ជាក់ផងថា សព្វថ្ងៃក្នុងក្លិប Buriram United នៅមានសមាជិកកីឡាករបរទេស ២រូបទៀតនោះគឺ កីឡាករសញ្ជាតិអាហ្សង់ទីន Bernado Cesta និងកីឡាករកូតាអាស៊ីអាគ្នេយ៍ Kevin Ingreso ដែលជាកូនកាត់ហ្វីលីពីន-អាល្លឺម៉ង់។

ចំណែកលីគកំពូលថៃរដូវកាលនេះ បានដំណើរការ ៤សប្តាហ៍មុនត្រូវបានដាក់ឲ្យសម្រាកជាបណ្តោះអាសន្នចាប់តាំងពីកំឡុងខែមីនា ដោយគ្រោងនឹងបើកឲ្យមានសកម្មភាពវិញនាកំឡុងខែកញ្ញា ឬខែតុលា ឆ្នាំ២០២០ ខាងមុខព្រមទាំងរៀបចំការប្រកួតឆ្លងទៅឆ្នាំ២០២១ ថែមទៀត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628