បាល់ទាត់

Bundesliga ត្រឡប់មកវិញស្អែកនេះ ឯក្លិប Augsburg នឹងលេងដោយគ្មានគ្រូឈរបញ្ជា

ជាដំណឹងដ៏ល្អមួយសម្រាប់ពិភពបាល់ទាត់ ពីព្រោះតែការវិលត្រឡប់មកវិញនៃសកម្មភាពប្រកួតប្រជែងនៃក្របខណ្ឌបាល់ទាត់លីគកំពូលអាល្លឺម៉ង់បង្ហើយរដូវកាល២០១៩/២០២០ នេះ។ ខណៈថ្ងៃស្អែកនេះមានការប្រកួតដល់ ៦គូ ឯគូមានក្លិប FC Augsburg ត្រូវប៉ះគ្នាជាមួយក្លិប Wolfsburg នឹងអវត្តមានអ្នកចាត់ការទូទៅដែលឈរបញ្ជាលើទីលាន ព្រោះបានប្រព្រឹត្តខុសពីគោលការណ៍ថ្មីនៃច្បាប់។

ក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ (Bundesliga) ក្រោយឈប់សម្រាកជាង ២ខែកន្លងទីបំផុតបានវិលមកវិញចាប់ពីស្អែកតទៅ ដោយោការប្រកួតនឹងមិនអនុញ្ញាតិឲ្យអ្នកគាំទ្រចូលទស្សនាឡើយ (Closed-Door Match) ពីព្រោះដើម្បីចូលរួមទប់ស្កាត់ជំងឺ COVID-19 ។ បន្ថែមពីនេះ ខាងថ្នាក់ដឹកនាំរៀបចំប្រកួតលីគបាល់ទាត់អាល្លឺម៉ង់ ក៏បានចែងនូវគោលការណ៍ថ្មីៗ មួយចំនួនដើម្បីឲ្យកីឡាករ គ្រូបង្វឹក និងក្រុមការងារក្លិបនីមួយៗ អនុវត្តន៍តាមដើម្បីធានារគេចចេញពីជំងឺឆ្លងរាតត្បាតសកលខាងលើនេះផងដែរ។

ជាជាក់ស្តែងលោក Heiko Herrlich អ្នកចាត់ការទូទៅប្រចាំក្លិប FC Augsburg បានប្រព្រឹត្តខុសនឹងគោលការណ៍ច្បាប់ថ្មី ដែលបានហាមឃាត់រាល់ក្រុមការងារគ្រូបង្វឹក និងកីឡាករទាំងអស់ដែលត្រៀមរៀបចំប្រកួត តម្រូវឲ្យស្នាក់នៅក្នុងគេហដ្ឋាន និងមិនត្រូវប៉ះពាល់មជ្ឈដ្ឋានខាងក្រៅដោយខ្វះការអនាម័យឡើយ។ ប៉ុន្តែបុរសវ័យ ៤៨ឆ្នាំខាងលើ ត្រូវបានគេរាយការណ៍ថាឃើញធ្វើដំណើរចាកចេញពីសណ្ឋាគារ ទៅកាន់ផ្សារទំនើបឆ្ងាយពីតំបន់ខ្លួនស្នាក់នៅដើម្បីទិញទំនិញប្រើប្រាស់។

ដោយសារមូលហេតុខាងលើ និងដើម្បីធានារសុវត្ថិភាពដល់កីឡាករ និងក្រុមការងារនៃក្លិបទាំងសងខាងក្នុងការប្រកួតថ្ងៃស្អែកនេះ អតីតកីឡាករធ្លាប់ជួយ Borussia Dortmund លើកពាន Bundesliga ២សម័យកាល (ឆ្នាំ១៩៩៦ និងឆ្នាំ២០០២) ខាងលើ ត្រូវបានពិន័យមិនអនុញ្ញាតិឲ្យចូលទីលានប្រកួតឡើយនាថ្ងៃស្អែកនេះ និងត្រូវរង់ចាំការធ្វើតេស្តលទ្ធផលរកជំងឺ COVID-19 យ៉ាងតិច ២លើក បើលទ្ធផលអវិជ្ជមានទើបអាចចូលមកដឹកនាំវិញនាប្រកួតក្រោយៗ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628