បាល់ទាត់

រជ្ជទាយាទអារ៉ាប៊ីសាអូឌីតអាចបង្វែរទិសដៅទិញ Newcastle ទៅកាន់ Roma ព្រោះមូលហេតុ ៣យ៉ាងនេះ

ព្រះរាជបុត្រាស្នងដំណែងនៃប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed Bin Salman បច្ចុប្បន្នភាពកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងក្នុងពិភពបាល់ទាត់តាមរយៈចំនួនទឹកប្រាក់ដល់មហាសាលរបស់ទ្រង់ ក្នុងចេតនាចង់ទិញយកក្លិបក្របខណ្ឌលីគកំពូលអង់គ្លេស Newcastle United ខណៈព័ត៌មានចុងក្រោយនេះវិញ បែរជាបង្វែរការចាប់អារម្មណ៍ទៅកាន់ក្លិបក្រ​បខណ្ឌលីគកំពូលអ៊ីតាលី AS Roma ផងដែរ។

ដើមឡើយព្រះរជ្ជទាយាទខាងលើ មានបំណងចង់បោះទុនវិនិយោគគ្រប់គ្រងលើក្លិប Newcastle United ដោយសហការជាមួយក្រុមហ៊ុនសម្ព័ន្ធនៅអង់គ្លេសមួយទៀតក្នុងគោលដៅទិញយកសិទ្ធិនេះពីម្ចាស់ក្លិបបច្ចុប្បន្នលោក Mike Ashley ដែលក្នុងតម្លៃខ្ទង់ប្រមាណជាង ៣៤០លានផោន ឬស្មើរប្រមាណ ៤២០លានដុល្លារ។ ខណៈក្រុមហ៊ុនរបស់ព្រះអង្គ Saudi Arabia Public Investment អាចនឹងចំណាយទុន ៨០% នៃតម្លៃទិញផ្តាច់នេះ។

តែការចរចារមិនបានដាច់ស្រាច់នោះឡើយ ពោលដោយបានពន្យារពេលគិតមកទល់ពេលជាង ១ខែទៅហើយ និងយោងទៅតាមការចុះផ្សាយពីសារព័ត៌មានជាច្រើនក្នុងតំបន់អឺរ៉ុបថា ពេលនេះទ្រង់ក៏ស្ថិតក្នុងដំណាក់កាលពិចារណាអាចបង្វែរទិសដៅទៅកាន់ក្លិបយក្សអ៊ីតាលី AS Roma វិញព្រោះតែកត្តា ៣យ៉ាងសំខាន់។

កត្តាចម្បងទី១ នោះគឺ ការរារាំង និងរិះគន់ពីបណ្តាអង្គការសិទ្ធិមនុស្សមួយចំនួនដែលបានចោទប្រកាន់ព្រះអង្គម្ចាស់ Mohammed Bin Salman  ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ជាពិសេសការសម្លាប់អ្នកកាសែតម្នាក់ ដោយខាងអង្គការអន្តរជាតិសិទ្ធិមនុស្សជាច្រើនអះអាងថាទ្រង់ជាបុគ្គលនៅពីក្រោយខ្នង បើទោះបីជាមានការដោះស្រាយដោយតុលាការក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ជន ៦នាក់ដាក់ពន្ធនាគាររួចហើយក្តី។

កត្តាទី២ គឺការពន្យារពេលចរចារ និងអូសបន្លាយរវាងភាគីទាំងសងខាង ខណៈព្រះអង្គម្ចាស់កំពុងស្ថិតនៅក្នុងដំណាក់់កាលចោទប្រកាន់ដូចមូលហេតុទី១ ផងនោះ។ បើគិតទល់ពេលនេះមិនត្រឹមតែខាងតំណាងអង្គការអន្តរជាតិនោះទេ សូម្បីតែខាងតំណាងក្លិបក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសមួយចំនួន ក៏បានជំរុញទឹកចិត្តលោក Mike Ashley កុំឲ្យលក់ក្លិបទៅកាន់ព្រះអង្គម្ចាស់ផងដែរ។ ទាំងនេះអាចជាហេតុផលនាំឲ្យព្រះអង្គម្ចាស់ដែលមានទឹកប្រាក់ក្តាប់ក្នុងដៃលំដាប់ពាន់លានដុល្លាររូបនេះ អាចនឹងមិនសព្វព្រះទ័យ។

កត្តាចុងក្រោយទី៣ គឺជារឿងរ៉ាវគួរចារប់អាម្មណ៍ ពោលក្រោយទទួលបានដំណឹងរអាក់រអួលពីការទិញយកក្លិប Newcastle United ពីសំណាក់ព្រះអង្គម្ចាស់ ខាងម្ចាស់ក្លិប AS Roma លោក James Pallotta បានពឹងពាក់ក្រុមហ៊ុនជំនួញ Goldman Sachs របស់សហរដ្ឋអាមេរិក ទាក៉ទងទៅកាន់ព្រះអង្គម្ចាស់ Mohammed Bin Salman ផ្ទាល់ ដោយក្នុងចេតនាចង់លក់ក្លិបទៅកាន់ទ្រង់។

យ៉ាងណាក្តី! មកទល់ពេលនេះពុំទាន់មានបើកការចរចារជាផ្លូវការរវាងអ្នកជំនាញខាងច្បាប់នៃភាគីទាំងសងខាងនៅឡើយ តែសំខាន់លើការរង់ចាំរបស់ព្រះរជ្ជទាយាទជាមុនសិន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628