បាល់ទាត់

ហ្វីលីពីន កំពុងពិចារណាអាចនឹងដកខ្លួនពីពាន AFF Suzuki Cup ឆ្នាំនេះ

សហព័ន្ធបាល់ទាត់ហ្វីលីពីន (PFF) ហាក់ដូចជាមានចេតនាក្នុងការមិនបញ្ចូនក្រុមជម្រើសជាតិពួកគេចូលរួមព្រឹត្តិការណ៍ AFF Cup ឬប្រិយមិត្តស្គាល់ជាទូទៅ AFF Suzuki Cup ឆ្នាំ២០២០ នេះ។

ចំពោះមូលហេតុចម្បងនោះគឺ ការប្រកួតពានរង្វាន់លីគ និងខាប់ក្នុងស្រុក បច្ចុប្បន្នត្រូវបានពន្យារពេលអចនឹងទៅដល់កំឡុងខែវិច្ឆិកា ឬខែធ្នូ ចុងឆ្នាំ២០២០ ឯណោះ ពីព្រោះតែជំងឺរាតត្បាត COVID-19 ។ ដោយតែបែបនេះ កីឡាករអាចនឹងមិនមានកម្លាំង ឬពេលវេលាគ្រប់គ្រាន់ឡើយ ដោយត្រូវលេងឲ្យក្លិបក្នុងពានថ្នាក់ជាតិផង និងត្រូវត្រៀមខ្លួនក្នុងជម្រើសជាតិត្រៀមលេងវគ្គជម្រុះទៅកាន់ FIFA World Cup 2022 និង AFC Asian Cup 2023 ផងដែរ។ បន្ថែមពីនេះ កីឡាករហ្វីលីពីនមួយចំនួនទៀត ដែលប្រកបអាជីពនៅប្រទេសថៃ គឺកាន់តែពិបាកក្នុងការសុំអនុញ្ញាតិពីក្លិប នឹងត្រូវធ្វើដំណើរមកចូលរួមក្រុមជម្រើសជាតិ។

បើយោងទៅតាមអ្នកនាំពាក្យរបស់សហព័ន្ធបាល់ទាត់ហ្វីលីពីនថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតក្នុងស្រុកមួយឲ្យដឹងថា បច្ចុប្បន្នភាពដំណឹងពីការដកខ្លួនចេញពីព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០២០ នេះគឺជាការពិត ប៉ុន្តែកំពុងស្ថិតនៅក្នុងដំណាក់កាលពិចារណារវាងថ្នាក់ដឹកនាំជាមុន ពោលមានន័យថាមិនទាន់បានសម្រេចច្បាស់លាស់នៅឡើយនោះទេ។

គួរឲ្យដឹងផងថា កន្លងមកមិនមែនមានតែ ហ្វីលីពីន មួយឡើយសូម្បីតែ វៀតណាម និងថៃ ក៏ពិចារណាអាចនឹងបញ្ចូនក្រុមជម្រើសជាតិឈុតតូច (U23 ឬ U22) មកចូលរួមជំនួសឈុតធំក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០២០ នេះផងដែរ។

ក្រឡេកមើលក្នុងប្រទេសហ្វីលីពីន មកទល់រាត្រីនេះបានរកឃើញអ្នកផ្ទុកជំងឺ COVID-19 សរុបដល់ទៅជាង ១.២មុឺននាក់ ខណៈទើបមានការព្យាបាលបានសម្រេចជាង ២ពាន់នាក់ប៉ុណ្ណោះ និងមានអ្នកស្លាប់ជាង ៨រយនាក់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628