បាល់ទាត់

ចចាមអារ៉ាមៈ Buriram នាំ Daniel Sturridge អតីតកីឡាករ Chelsea , Liverpool មកចូលរួម?

ក្លិបយក្សថៃ Buriram United ត្រូវបានការសែតធំៗ ក្នុងប្រទេសថៃផ្ទាល់ ក៏ដូចជាសារព័ត៌មានក្នុងតំបន់អាស៊ីអាគ្នេយ៍ចុះផ្សាយពីការទំនាក់ទំនងចង់បានអតីតកីឡាករលេងក្របខណ្ឌលីគកំពូលអង់គ្លេស Daniel Sturridge មកចូលរួម ពេលលីគកំពូលថៃវិលត្រឡប់មកវិញនាពេលខាងមុខ។

យោងតាមដំណឹងដំបូងទម្លាយដោយការសែតថៃ SMMSport បានបញ្ចេញនូវពាក្យចចាមអារ៉ាមនេះកើតឡើង ដោយបានអះអាងថាភ្នាក់ងារទីផ្សារកីឡាកររបស់ក្លិប Buriram United បានកំពុងធ្វើការទាក់ទងទៅកាន់ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំខាងលើក្នុងគោលបំណងនាំមកចូលរួមក្លិបត្រៀមលីគកំពូលថៃរដូវកាល២០២០/២០២១ ដែលពន្យារពេលមួយរយៈដោយសារជំងឺរាតត្បាត COVID-19 ។

ទោះជាបែបនេះក្តី! ប៉ុន្តែចំពោះខាងក្លិបជើងឯកលីគកំពូលថៃ ៧សម័យកាលនេះ ដូចជាពុំទាន់មានការប្រកាស ឬបង្ហាញជាដំណឹងផ្លូវការនៅឡើយនោះទេ។ តែក៏មិនអាចប្រកែកទាំងស្រុងនោះដែរ ខណៈក្លិបទើបតែផ្តាច់កិច្ចសន្យារកីឡាករបរទេស ២នាក់រួមមាន Andres Tunez (វេណេហ្ស៊ុយអេឡា) និង Jong Jae-Yong (កូរ៉េខាងត្បូង) ។

ចំណែកឯកីឡាករ Daniel Sturrigde វិញបច្ចុប្បន្នភាពកំពុងទំនេរ ក្រោយចែកផ្លូវពីក្លិប Trabzonspor នៃលីគកំពូលទួរគី កាលពីដើមខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗ នេះ។ ដូច្នេះរូបគាត់អាចធ្វើដំណើរមកចូលរួមជាមួយ Buriram United ដោយគ្មានតម្លៃខ្លួនផងដែរ។

អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ធ្លាប់មានបទពិសោធន៍ជាមួយក្លិបធំៗ ក្នុងក្របខណ្ឌ Premier League រួមមាន Manchester City , Chelsea និង Liverpool ដោយធ្លាប់ឈ្នះពានរង្វាន់សរុបដូចជា លីគកំពូលអង់គ្លេស ១សម័យកាល , FA Cup ២សម័យកាល និង UEFA Champions League ២សម័យកាល។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628