បាល់ទាត់

អតីតគ្រូជម្រើសជាតិឥណ្ឌូនេស៊ីថា លោក Park Hang-Seo ជោគជ័យនៅវៀតណាមគឺជាសំណាង

លោក Simon McMenemy អតីតគ្រូបង្គោលនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី  បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដែលបង្កើតជាចំណាប់អារម្មណ៍មួយនោះគឺ ដោយគាត់យល់ឃើញថាការជោគជ័យរបស់លោក Park Hang-Seo ក្នុងពិភពបាល់ទាត់វៀតណាម គឺគ្រាន់ជាសំណាង។

ដូចប្រិយមិត្តបានដឹងមកហើយ ចាប់តាំងពីឈានជើងចូលមកដល់វត្តមាននៃលោក Park Hang-Seo បានកសាងស្នាដៃឲ្យក្រុមជម្រើសជាតិវៀតណាម មួយរយៈចុងក្រោយនេះគួរកត់សម្គាល់។ យ៉ាងណាក្តី! សម្រាប់បុរសជនជាតិស្កុតឡែន អតីតគ្រូជម្រើសជាតិឥណ្ឌូនេស៊ីក្នុងឆ្នាំ២០១៩ ខាងលើ បានបញ្ចេញយោបល់បែបនេះវិញៈ

៉ ខ្ញុំគិតថាលោក Park Hang-Seo គឺមានការដឹកនាំ និងចេះរៀបចំយុវជន (វៀតណាម) បានយ៉ាងល្អ ជាមួយនឹងការគាំទ្រពីខាងក្រុមនាយកបច្ចេកទេសផងដែរ។ ខ្ញុំគិតថាគាត់ គឺពិតជាមានសំណាងមែនទែន ដែលមានកីឡាករល្អៗ ជាច្រើនរូប ហើយនេះជាមូលហេតុនាំរូបគាត់អាចធ្វើបានល្អនៅប្រទេសវៀតណាម។   ៉ 

រំលឹកឡើងមកវិញលោក Simon McMenemy ដែលបច្ចុប្បន្នមានវ័យ ៤២ឆ្នាំ ធ្លាប់ចូលកាន់តំណែងក្នុងនាមជាគ្រូបង្គោលនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កាលពីចុងឆ្នាំ២០១៨ ប៉ុន្តែត្រូវដកតំណែងវិញក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ដោយសារដឹកនាំពុំទទួលបានលទ្ធផលល្អក្នុងដំណើរជម្រុះជុំទី២ ទ្វីបអាស៊ី ទៅកាន់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ ។ ក្នុងនោះដែរ ក៏មានលទ្ធផលចាញ់ក្រោមស្នាដៃជម្រើសជាតិវៀតណាម នៃការគ្រប់គ្រងរបស់លោក Park Hang-Seo រួមផង។

បច្ចុប្បន្ននេះក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានតែងតាំងលោក Shin Tae-yong និងជំនួយការរបស់លោកប៉ុន្មានរូបទៀត មកដឹកនាំ។

ក្រឡេកមើលលោក Park Hang-Seo ចាប់តាំងពីចូលកាន់តំណែងនៅក្នុងប្រទេសវៀតណាមពីឆ្នាំ២០១៧ បានកែប្រែប្រវត្តិសាស្ត្របាល់ទាត់វៀតណាមតាមរយៈសមិទ្ធផលមួយចំនួនដូចជា គ្រងតំណែងជើងឯក AFF Suzuki Cup ឆ្នាំ២០១៨ , ជើងឯករងព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០១៨ , ទទួលបានមេដាយមាស SEA Games ឆ្នាំ២០១៩ ខណៈបច្ចុប្បន្នកំពុងឈរកំពូលតារាងជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ ។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628