បាល់ទាត់

ភ្នាក់ងារ Sarach Yooyen បដិសេធដំណឹងចង់បានពីក្លិបម៉ាឡេស៊ី តែមានក្លិបជប៉ុន៣ កំពុងទាក់ទង

ប៉ុន្មានសប្តាហ៍ម​កនេះមានពាក្យចចាមអារ៉ាមជាច្រើន ពាក់ព័ន្ធនឹងកីឡាករឆ្នើមប្រចាំក្រុមជម្រើសជាតិថៃ និងក្លិប Muangthong United នោះគឺ Sarach Yooyen ដែលអាចផ្ទេរទៅកាន់ក្លិបលីគកំពូលម៉ាឡេស៊ី។ តែពេលនេះ ភ្នាក់ងារដោះដូរកីឡាករប្រចាំសាមីកីឡាករផ្ទាល់បានចេញមុខច្រានចោល ប៉ុន្តែបានបង្ហើបអំពីដំណឹងថ្មីពីក្លិបនៅប្រទេសជប៉ុនទៅវិញ។

បើតាមការចុះផ្សាយកន្លងមកក្លិបយក្សនៃលីគកំពូលម៉ាឡេស៊ី Johor Darul Ta’zim គឺជាក្លិបមានគោលបំណងចង់នាំយកខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះទៅចូលរួម។ តែពេលនេះក្រុមហ៊ុនភ្នាក់ងារដោះដូរកីឡាករ FPS Management ដែលជាភ្នាក់ងារផ្ទាល់របស់ Sarach Yooyen បានចេញមុខច្រានចោលទាំងស្រុងចំពោះព័ត៌មានចចាមអារ៉ាមទាំងនេះ។

តែទន្ទឹមនឹងការចេញមុខបដិសេធ ខាងក្រុមហ៊ុនភ្នាក់ងារដោះដូរកីឡាករដែលបង្កើតឡើងតាំងពីឆ្នាំ២០១០ ខាងលើបានបញ្ជាក់វិញថា បច្ចុប្បន្នសម្រាប់កីឡាករកម្ពស់ ១.៦៨ម៉ែត្រ បានកំពុងត្រូវក្លិបនៅលីគកំពូលជប៉ុនចំនួន ៣ កំពុងធ្វើការទាក់ទងក្នុងនោះរួមមាន Gamba Osaka , Sagan Tosu និង Kashiwa Reysol ។

យ៉ាងណា! ក្លិបទាំង ៣ កំពុងធ្វើការទាក់ទងជាមួយនឹងក្លិប Muangthong United ជាមុនសិន ប៉ុន្តែអ្វីៗ មិនទាន់ដំណើរការបានល្អនៅឡើយ ពីព្រោះតែស្ថានភាពបាល់ទាត់ក្នុងសាកលលោកពេលនេះរងគ្រោះដោយសារជំងឺរាតត្បាត COVID-19 ។

Sarach Yooyen គឺជាកីឡាករមានប្រជាប្រិយមួយរូបនៅក្នុងប្រទេសថៃ ដោយធ្លាប់រួមចំណែកជួយ Muangthong United លើកពានលីគកំពូលថៃ ២សម័យកាល , Thai League Cup ២សម័យកាល , ពានបើករដូវកាល ១លើក និង Toyota Mekong Club Championship ១សម័យកាល។ ក្នុងជម្រើសវិញធ្លាប់បានជួយឈុត U16 និង U19 គ្រងជើងឯកថ្នាក់តំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០០៧ និង ២០០៩ , មេដាយមាស​ SEA Games ឆ្នាំ២០១៥ និងក្នុងឈុតធំ ឈ្នះពាន AFF Suzuki Cup ២សម័កាលរួមផង៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628