បាល់ទាត់

អ្នកចាំទីឥណ្ឌូនេស៊ីមួយរូប ត្រូវឃាត់ខ្លួនភ្លាមៗ ក្រោយរកឃើញលួចទុកគ្រឿងញៀន ៥គីឡូក្រាម

អតីតអ្នកចាំទីនៅក្របខណ្ឌលីគកំពូលឥណ្ឌូនេស៊ី និងបច្ចុប្បន្នកំពុងលេងនៅលីគលំដាប់ទី២ ឥណ្ឌូនេស៊ី Choirun Nasirin ត្រូវបានក្រុមប៉ូលីសបង្ក្រាបគ្រឿងញៀនចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីតាមដានរកឃើញរូបគេ និងគ្នាប៉ុន្មាននាក់ទៀតលាក់ទុកនូវគ្រឿងញៀនចំនួន ៥គីឡូក្រាម។

អ្នកចាំទីខាងលើសព្វថ្ងៃមានវ័យ ៣០ឆ្នាំ និងកំពុងប្រកបអាជីពឲ្យក្លិប Semeru FC នៅលីគលំដាប់ទី២ ឥណ្ឌូនេស៊ី ក្នុងរដូវកាល២០២០ នេះតែម្តង។

បើតាមការចុះផ្សាយរបស់កាសែតឥណ្ឌូនេស៊ីជាច្រើនបានបង្ហាញថា អ្នកចាំទីកម្ពស់ ១.៧៥ម៉ែត្រ និងជនសង្ស័យចំនួន ៣រូបផ្សេងទៀត ត្រូវបានក្រុមប៉ូលីសបង្ក្រាបគ្រឿងញៀនឥណ្ឌូនេស៊ី ធ្វើការចាប់់ឃាត់ខ្លួននៅនឹងទីកន្លែងភ្លាមៗ ក្រោយពីប្រទះឃើញកំពុងធ្វើការជួញដូរនូវសារធាតុគ្រឿងញៀនដែលមានទម្ងន់សរុបដល់ ៥គីឡូក្រាម។ ការបង្ក្រាបករណីគ្រឿងញៀននេះ បានប្រព្រឹត្តឡើងក្នុងថ្ងៃទី១៧ ខែឧសភា ២ថ្ងៃមុននេះ។

ក្រឡេកមើលប្រវត្តិសង្ខេបខ្លីៗ របស់ Choirun Nasirin គឺជាកីឡាករលេងក្នុងតំណែងអ្នកចាំទី ដោយបានផ្តើមអាជីពដំបូងចេញពីថ្នាល់យុវជនក្លិប Persida Sidoarjo (បច្ចុប្បន្ននៅលីគលំដាប់ទី៣ ឥណ្ឌូនេស៊ី) ។ ក្រោយបង្ហាញសមត្ថភាពបានល្អ រហូតមកដល់ឆ្នាំ២០១៦ ក៏បានផ្ទេរមកចូលរួមក្លិប Perseru Serui នៅលីគកំពូលឥណ្ឌូនេស៊ី និងរហូតមកដល់ពាក់កណ្តាលរដូវកាល២០១៩ ទើបបានផ្ទេរទៅកាន់ក្លិបលីគលំដាប់ទី២ ឥណ្ឌូនេស៊ី Gresik United FC វិញ៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628