បាល់ទាត់

ស៊ីហ្គេម ២០២១ៈ វៀតណាម U22 នៅសល់តែសមាជិក២នាក់នេះ ដើម្បីការពារតំណែងជើងឯក

ដូចប្រិយមិត្តបានជ្រាបមកហើយ ក្រុមជម្រើសជាតិវៀតណាមឈុត U22 គឺជាក្រុមទទួលបានជើងឯកមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាចម្រុះអាស៊ីអាគ្នេយ៍ SEA Games លើកចុងក្រោយ នៅក្នុងប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ខណៈឆ្នាំ២០២១ ខាងមុខ វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះផ្ទាល់។

រំលឹកទៅវិញបន្តិច វៀតណាម U22 បានឈរក្នុងកំពូលតារាងពូល B ពីលើ ៥ក្រុមជម្រើសជាតិផ្សេងទៀត និងបន្តយកឈ្នះលើ កម្ពុជា ហើយឡើងទៅផ្ទួល ឥណ្ឌូនេស៊ី វគ្កផ្តាច់ព្រ័ត្រ ក្លាយជាម្ចាស់មេដាយមាសនាឆ្នាំមុន។ បើសរុបលទ្ធផលក្នុងការប្រកួតសរុប ៧ប្រកួត វៀតណាម U22 ក្រោមការដឹកនាំរបស់បុរសជនជាតិកូរ៉េខាងត្បូង Park Hang-Seo ឈ្នះ ៦លើក ស្មើរ ១លើក និងមិនភ្លាត់ចាញ់សោះឡើយ។

ដ្បិតបង្ហាញសមត្ថភាពជាក្រុមបានល្អ ប៉ុន្តែឈុត U22 របស់វៀតណាមនេះ នឹងត្រូវលើសអាយុស្ទើរគ្រប់សមាជិកតែម្តងបើគិតទៅដល់ការរៀបចំព្រឹត្តិការណ៍ SEA Games សាជាថ្មីម្តងទៀត ដែលក្នុងនាមវៀតណាមជាម្ចាស់ផ្ទះផ្ទាល់។

បើសង្កេតមើលក្នុងបញ្ជីឈ្មោះទាំង ២០នាក់ (លើសអាយុ ២រូប) ដែលបានរួមចំណែកឲ្យ វៀតណាម ដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០១៩ កន្លងទៅ គឺនៅសល់តែកីឡាករ ២រូបប៉ុណ្ណោះ ដែលអាចមានឈ្មោះក្នុងបញ្ជីជួយការពារតំណែងជើងឯកនេះបានទៀត នាពេលរៀបចំនៅឆ្នាំ២០២១ ខាងមុខ។ តែយ៉ាងណាក្តី! កីឡាករដទៃទៀតអាចកោះហៅបាន ក្នុងនាមជាកីឡាករលើសអាយុ។

កីឡាករដែលនៅសល់អាយុគ្រប់គ្រាន់ក្នុងការការពារតំណែងជើងឯកមេដាយមាសនាឆ្នាំ២០២១ រួមមានអ្នកចាំទី Nguyen Van Toan (សព្វថ្ងៃទើបមានអាយុ ២០ឆ្នាំ លេងនៅក្លិប CLB Hai Phong) និងខ្សែការពារល្បីឈ្មោះ Doan Van Hau (សព្វថ្ងៃទើបមានអាយុ ២១ឆ្នាំ លេងនៅក្លិបលីគកំពូលហូឡង់ SC Heerenveen) ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628