បាល់ទាត់

FC Seoul ប្រឈមនឹងការកាត់៥ពិន្ទុ បន្ថែមពីការពិន័យប្រាក់ ក្រោយដាក់តាំងតុក្កតាផ្លូវភេទក្នុងកីឡដ្ឋាន

ជារឿងរ៉ាវគួរចាប់អារម្មណ៍មួយដែលការប្រកួតនៅលីគកំពូលកូរ៉េខាងត្បូង ក្លិប FC Seoul បានប្រើប្រាស់តុក្កតាបម្រើផ្លូវភេទ (Sexy Toy) មកដាក់តំណាងអ្នកគាំទ្រក្នុងកីឡដ្ឋាន ពីការប្រកួតកន្លងទៅ ដែលហេតុនាំឲ្យមានមតិរិះគន់កើតឡើងជាច្រើន។ ក្រោយបញ្ហានេះ ខាងស្ថាប័នដឹកនាំការប្រកួតបានរៀបចំគម្រោងធ្វើការដាក់ពិន័យលើក្លិប។

យោងតាមរបាយការណ៍ចុះផ្សាយចុងក្រោយ ខាងសមាគមរៀបចំការប្រកួតលីគបាល់ទាត់កូរ៉េខាងត្បូង (K-League) គ្រោងនឹងធ្វើការប្រជុំដោយអាចនឹងឈានដល់ការដកពិន្ទុចំនួន ៥ពិន្ទុបន្ថែមទៀតនាចុងរដូវកាលដល់ក្លិប FC Seoul ចំពោះការរៀបចំតុក្កតាផ្លូវភេទក្នុងកីឡដ្ឋាន ជំនួសឲ្យអ្នកគាំទ្រដែលអវត្តមានដោយសារជំងឺរាតត្បាត COVID-19 ។

យ៉ាងណាក្តី! ក្រោយការប្រកួតបានបញ្ចប់ភ្លាមៗ ក៏មានការផ្ទុះរិះគន់ខ្លាំងមិនថាអ្នកគាំទ្រក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់ និងជុំវិញពិភពលោកនោះទេ ដូច្នេះក្លិប FC Seoul ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៥លានវ៉ុន ឬស្មើរប្រមាណជាង ៤ពាន់ដុល្លាររួចម្តងមកហើយ។ ឯការប្រជុំខាងលើអាចជាវិធានការពិន័យលើកទី២ បន្ថែមទៀត។

គួរបញ្ជាក់ផងថា ការប្រកួតខាងលើបានបញ្ចប់ដោយម្ចាស់ផ្ទះ FC Seoul បានយកឈ្នះលើភ្ញៀវ Gwangju FC ក្នុងលទ្ធផល ១ទល់០ ។ ឯលីគកំពូលកូរ៉េខាងត្បូង (K-League 1) ទាំងមូលបានដំណើរការដល់សប្តាហ៍ទី២ បន្ទាប់ពីបានពន្យារពេលអស់ជាង ២ខែ ព្រោះជំងឺ COVID-19 មក៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628