បាល់ទាត់

អេហ្ស៊ីបៈ ចោរប្រដាប់អាវុធ ៤នាក់ពាក់ស្រោមមុខ Salah ចេញប្លន់ តែត្រូវ​ប៉ូលីសចាប់បាន

បុរសជាជនសង្ស័យចំនួន ៤នាក់ត្រូវបានក្រុមអាជ្ញាធរជំនាញធ្វើការឃាត់ខ្លួនបានសម្រេច ខណៈកំពុងចេញប្លន់នៅក្នុងប្រទេសអេហ្ស៊ីប តែរឿងគួរឲ្យចាប់អារម្មណ៍នោះគឺ ពួកគេបានពាក់នូវស្រោមមុខកីឡាករល្បីឈ្មោះ Mohamed Salah ពេលចេញប្រតិបត្តិការ។

ដើម្បីចង់លាក់នូវអត្តសញ្ញាណរបស់ខ្លួន ក្រុមចោរប្រដាប់អាវុធ ដែលមានគ្នាចំនួន ៤នាក់ បានពាក់នូវស្រោមមុខកំពូលតារាបាល់ទាត់ឆ្នើមរបស់ក្លិបហង្សក្រហម Liverpool ខាងលើ ក្នុងការចេញប្រតិបត្តិការប្លន់ហាងមួយកន្លែងនៅក្នុងតំបន់ Hassanein Heikal នាទីក្រុង Nasr ដែលស្ថិតនៅក្បែររដ្ឋធានីប្រទេសអេហ្ស៊ីប។

តែយ៉ាងណា! ភ្លាមៗ ក្នុងកិច្ចសហប្រតិបត្តិការរបស់ក្រុមមន្ត្រីប៉ូលីសក្នុងតំបន់បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ នៅនឹងទីកន្លែងផ្ទាល់តែម្តង ខណៈបច្ចុប្បន្នកំពុងបញ្ចូនខ្លួនទៅឃុំឃាំង និងរង់ចាំធ្វើកំណត់ហេតុបញ្ចូនទៅកាន់តុលាការ។

គួរឲ្យដឹងថា Mohamed Salah ត្រូវបានប្រជាជនអេហ្ស៊ីបផ្តល់ការស្រលាញ់​ និងគាំទ្រជាច្រើនអនេក ខណៈដែលរូបគេក៏ជាកីឡាករកាន់កំណត់ត្រារកច្រើនលឿនជាងគេបំផុតគ្រប់សម័យកាលក្នុងក្រុមជម្រើសជាតិអេហ្ស៊ីបផងដែរ ដោយបង្ហាញខ្លួនទល់សព្វថ្ងៃត្រឹម ៦៧លើក រកបានដល់ទៅ ៤១គ្រាប់ទៅហើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628