បាល់ទាត់

Nani ថាពេលទៅ Man Utd គ្រាដំបូង ខ្លាចគ្រូតា Ferguson មិនហ៊ានសូម្បីនិយាយជាមួយគាត់

អតីតកីឡាករជម្រើសជាតិព័រទុយហ្គាល់ Luis Carlos Almeida da Cunha ឬប្រិយមិត្តស្គាល់ជាទូទៅថា Nani បានរំលឹកគ្រារូបគាត់បានមកចូលរួមជាមួយក្លិប Manchester United នាពេលដំបូង មានអារម្មណ៍ភ័យខ្លាចវីរៈបុរសអ្នកចាត់ការទូទៅលោក Sir Alex Ferguson

រំលឹកឡើងមកវិញកីឡាករវ័យ ៣៣ឆ្នាំបច្ចុប្បន្នរូបនេះបានផ្លាស់ពីក្លិប Sporting CP នៃលីគព័រទុយហ្គាល់មកកាន់ទឹកដី Old Trafford កាលពីឆ្នាំ២០០៧ និងស្នាក់នៅរហូតដល់ឆ្នាំ២០១៥ ក៏រួមចំណែកជួយឲ្យគ្រងជើងឯកលីគកំពូលអង់គ្លេស ៤សម័យកាល , UEFA Champions League និង FIFA Club World Cup ក្នុងឆ្នាំ២០០៨ ផងដែរ។

ប៉ុន្តែ Nani បានរំលឹកឡើងមកវិញពេលដែលធ្វើដំណើរមកចូលរួម Manchester United នាពេលដំបូងកំឡុងខែមិថុនា ឆ្នាំ២០០៧ រូបគាត់ពិតជាមានអារម្មណ៍ភ័យខ្លាចអ្នកចាត់ការទូទៅដែលដឹកនាំក្លិបនេះតាំងពីឆ្នាំ១៩៨៦ ដូចតទៅៈ

៉ ពេលខ្ញុំទៅដល់ទីនោះភ្លាមៗ (ក្លិប Manchester United) ខ្ញុំពិតជាមានអារម្មណ៍ខ្លាចលោក Sir Alex Ferguson ខ្លាំងណាស់! គាត់ប្រៀបដូចជាឪពុករបស់ពួកយើងដូច្នឹង។ តើអ្នកដឹងទេ? ខ្ញុំខ្លាចថាអាចនឹងបង្កើតកំហុសអ្វីមួយ ដែលអាចទាក់ទងនឹងរូបគាត់។ នៅទីលានហ្វឹកហាត់ ខ្ញុំបានឃើញគាត់និយាយគ្នាជាមួយកីឡាករដទៃទៀត ហើយខ្ញុំក៏ចង់ចូលរួមផងដែរ ប៉ុន្តែខ្ញុំមិនដឹងថាត្រូវនិយាយអំពីអ្វីនោះទេ។ សូម្បីតែការប្រើប្រាស់ភាសាអង់គ្លេសរបស់ខ្ញុំពេលនោះ ក៏មិនល្អដូចសព្វថ្ងៃ។

តែគាត់បានព្យាយាមនិយាយជាមួយខ្ញុំ និងបានផ្តល់ទំនុកចិត្តដល់ខ្ញុំកាន់តែប្រសើរឡើង។ ចាប់តាំងពីពេលនោះមក ខ្ញុំចាប់ផ្តើមរៀនសូត្របន្ថែមពីរូបគាត់ ខ្ញុំព្យាយាមយល់នូវអ្វីដែលគាត់ចង់ឲ្យខ្ញុំធ្វើ។ ហើយទំនាក់ទំនងរបស់ពួកយើងកាន់តែល្អឡើងៗ ។  គាត់គឺជាអ្នកចាត់ការទូទៅមួយរូបដែលដឹងអំពីរបៀបនៃការគ្រប់គ្រងកីឡាករគ្រប់គ្នា។ មិនថាខាងផ្នែកអត្តចារិក ឬក៏អាយុរបស់កីឡាករខុសគ្នានោះទេ។   ៉ 

គួរឲ្យដឹងថាបច្ចុប្បន្នភាព Nani កំពុងប្រកបអាជីពនៅក្លិប Orlando City  នៅក្របខណ្ឌលីគកំពូលសហរដ្ឋអាមេរិក៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628