បាល់ទាត់

ច្បាស់ការ! Muangthong គ្មានគម្រោងលក់ Sarach Yooyen ទៅក្លិបបរទេសពេលនេះទេ

ក្រោយលេចនូវពាក្យចចាមអារ៉ាមជាច្រើនអំពីក្លិបនៅលីគកំពូលម៉ាឡេស៊ី និងលីគកំពូលជប៉ុន ធ្វើការទាក់ទងចង់ទិញយកខ្សែបម្រើ Sarach Yooyen ពីក្លិប Muangthong United ពេលនេះខាងតំណាងក្លិបចេញមុខបញ្ចប់មន្ទិលសង្ស័យរបស់អ្នកគាំទ្រ។

ដើម្បីកាន់តែជ្រាបបន្ថែម យើងអាចរំលឹកទៅប៉ុន្មានសប្តាហ៍មុនបន្តិចចំពោះកីឡាករជម្រើសជាតិថៃវ័យ ២៧ឆ្នាំរូបនេះ ត្រូវបានសារព័ត៌មានក្នុងប្រទេសថៃផ្ទាល់ ក៏ដូចជាសារព័ត៌មាននៅប្រទេសម៉ាឡេស៊ីក្តី បានចុះផ្សាយថាក្លិបយក្សនៃលីគកំពូលម៉ាឡេស៊ី Johor Darul Ta’zim មានចេតនាចង់ទិញយកទៅចូលរួម។

មិនត្រឹមប៉ុន្នឹងឡើយ ប៉ុន្មានថ្ងៃក្រោយមកភ្នាក់ងារដោះដូរកីឡាករផ្ទាល់របស់ Sarach Yooyen ក៏បានអះអាងទៀតថា ក្រៅពីក្លិបម៉ាឡេស៊ីខាងលើ ក៏មានក្លិបនៅលីគកំពូលជប៉ុនចំនួន៣រួមមាន Gamba Osaka , Sagan Tosu និង Kashiwa Reysol ក៏មានចំណាប់អារម្មណ៍លើកីឡាកររូបនេះដូចគ្នា។

ជាព័ត៌មានចុងក្រោយ ស្របពេលដែលក្លិប Muangthong United បានប្រកាសអំពីការសម្រេចកាត់ប្រាក់ឈ្នួលកីឡាករ ក្រុមការងារគ្រូបង្វឹក ៣០% កាលពីម្សិលមិញ ទន្ទឹមនឹងនេះអ្នកនាំពាក្យក្លិបក៏បានឆ្លៀតលើកឡើងអំពី Sarach Yooyen ផងដោយអះអាងថា ក្លិបគ្មានគម្រោងលក់កីឡាករម្ចាស់អាវលេខ ៦ រូបនេះទៅកាន់ក្លិបបរទេសណាឡើយសម្រាប់រដូវកាល២០២០/២០២១ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628