បាល់ទាត់

Chanathip បង្ហើបឈ្មោះក្លិប ២ ដែលគិតថាជាគូប្រជែងខ្ពស់ជាងគេនៅលីគកំពូលជប៉ុនឆ្នាំនេះ

កីឡាករខ្សែបម្រើប្រយុទ្ធឆ្នើមជាជនជាតិថៃ ប្រចាំក្លិប Hokkaido Consadole Sapporo ពោលគឺ Chanathip Songkrasin បានបញ្ចេញទស្សនៈចំពោះក្លិបចំនួន ២ ខាងក្រោមនេះ ដែលរូបគេគិតថាពិបាកប្រជែងខ្លាំងជាងក្លិបដទៃទៀតក្នុងក្របខណ្ឌលីគកំពូលជប៉ុនរដូវកាលនេះ តែពុំបានលើកឡើងអំពីជើងឯកឆ្នាំចាស់ឡើយ។

កីឡាករដែលត្រូវបានគេផ្តល់រហ្សនាម Messi ថៃ ឬ Meesi J ដែលបានប្រកបអាជីពនៅលីគកំពូលជប៉ុន ៣រដូវកាលកន្លងមកហើយនេះ បានបញ្ចេញយោបល់របស់ខ្លួនថាក្លិប Kashima Antlers និងក្លិប Kawasaki Frontale ដែលរូបគេគិតថាជាគូប្រជែងដែលពិបាកក្នុងការលេងតទល់បំផុតរបស់ក្លិបខ្លួន Hokkaido Consadole Sapporo ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ក្នុងកាលៈទេសៈទំនេរពីបាល់ទាត់ដោយសារតែជំងឺរាតត្បាត COVID-19 កីឡាករវ័យ ២៦ឆ្នាំរូបនេះបាននិយាយឲ្យដឹងថាៈ

៉ ខ្ញុំគិតថា គ្រប់ក្លិបនៅទីនេះ (លីគកំពូលជប៉ុន) គឺសុទ្ធសឹងតែមានគុណភាពជាក្លិបអាជីព និងមានការប្រកួតប្រជែងខ្ពស់។ ក្លិបដែលនៅចំណាត់ថ្នាក់ទាបក្នុងតារាង ក៏អាចមានលទ្ធភាពយកឈ្នះលើក្លិបដែលឈរនៅកំពូលតារាងបានផងដែរ។ កីឡាករនៅទីនេះគ្រប់រូប មានការប្រឹងប្រែងហ្វឹកហាត់ជាខ្លាំង។

សម្រាប់ខ្ញុំផ្ទាល់ ក្លិប Kawasaki Frontale និងក្លិប Kashima Antles គឺជាក្លិបមួយដែលខ្លាំង និងពិបាកប្រកួតប្រជែងក្នុងពេលនេះ។ Kashim Antles គឺជាក្រុមដែលមានប្រព័ន្ធវាយបកបានល្អជាងគេ (Counter-Attack) ឯ Kawasaki Frontale គឺជាក្រុមដែលគ្រប់គ្រងបាល់លើទីលានបានល្អ ព្រមទាំងចូលចិត្តក្នុងការលេងបង្កើតឳកាសក្នុងការរកគ្រាប់បាល់។   ៉ 

Chanathip Songkrasin បានរំលឹកឡើងតែចំពោះក្លិបទាំងពីរខាងលើ ដោយក្លិប Kawasaki Frontale កាលពីរដូវកាលមុនស្ថិតនៅលេខរៀងទី៤ និងក្លិប Kashima Antlers ទទួលបានចំណាត់ថ្នាក់លេខរៀងទី៣ ក្នុងតារាងលីគកំពូលជប៉ុន កាលពីរដូវកាលមុន២០១៩។ ចំណែកឯក្លិបជើងឯកកាលពីរដូវកាលមុន Yokohama F. Marinos កីឡាកររូបនេះពុំបានលើកឡើងនោះទេ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628