បាល់ទាត់

ផ្លូវការៈ លីគកំពូលមុិកស៊ិក ត្រូវបានលុបចោល និងគ្មានក្លិបគ្រងជើងឯករដូវកាលនេះ

ជាផ្លូវការសហព័ន្ធបាល់ទាត់មុិកស៊ិក (MFF) បានប្រកាសលុបចោលលទ្ធផលទាំងស្រុងនៃលីគកំពូលមុិកសុិករដូវកាលនេះ (2019-2020 Liga MX) ដោយសារតែជំងឺរាតត្បាត COVID-19 កំពុងវាយលុកទូទាំងពិភពលោក។

យោងតាមសេចក្តីប្រកាសជាផ្លូវការពីសំណាក់សហព័ន្ធបាល់ទាត់មុិកសុិក (MFF) លីគកំពូលមុិកសុិករដូវកាល២០១៩/២០២០ នឹងត្រូវបានលុបចោលលទ្ធផលទាំងស្រុង ពោលដោយគ្មានតំណែងជើងឯក និងក្លិបត្រូវកាត់ចេញនោះទេ ប៉ុន្តែឆ្លងកាត់ការប្រកួតកន្លងមកក្លិបលើកំពូលតារាងចំនួន២ នោះគឺ Cruz Azul និង Club Leon ទទួលបានកៅអីទៅលេងពានកម្រិតទ្វីបអាមេរិកខាងជើង Concacaf Champions League រដូវកាល២០២១ ខាងមុខ។ ក្រៅពីក្លិបទាំង ២នេះ ក៏មានក្លិបជើងឯកឆ្នាំចាស់ Monterrey និងក្លិប America ក៏ទទួលបានកៅអីទៅលេងពានរង្វាន់នេះដូចគ្នា ព្រោះបានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានខាប់មុិកសុិក។

គួរឲ្យដឹងផងថា គិតមកទល់ព្រឹកនេះទូទាំងប្រទេសមុិកសុិក បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 សរុបជាង ៦មុឺននាក់ ដោយក្នុងនោះបានព្យាបាលជាសះស្បើយជាង ៤មុឺននាក់ តែក៏មានអ្នកបាត់បង់ជីវិតប្រមាណជិត ៧ពាន់នាក់រួមផង៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628