បាល់ទាត់

ផ្លូវការៈ បារាំង ប្រកាសកាលបរិច្ឆេទនៃលីគកំពូលរដូវកាល ២០២០-២០២១

ស្ថាប័នរៀបចំការប្រកួតលីគបារាំង (LFP) ជាផ្លូវការបានប្រកាសកំណត់កាលបរិច្ឆេទនៃលីគកំពូលបារាំង និងលីគលំដាប់ទី២ បារាំង នារដូវកាលបន្ទាប់ ២០២០/២០២១ នឹងបើកដំណើរការនាកំឡុងពាក់កណ្តាលខែសីហា។

ដើមឡើយប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើន កំពុងរង់ចាំការប្រជុំពិសេសរបស់សមាគមបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ ពាក់ព័ន្ធនឹងប្រធានបទការរៀបចំប្រកួតលីគតាមប្រទេសនីមួយៗ សម្រាប់រដូវកាល ២០២០/២០២១ ។

ប៉ុន្តែបារាំងឯនេះវិញ ក៏បានសម្រេចចិត្តកំណត់កាលបរិច្ឆេទមុនគេតែម្តង ក្រោយបើកអង្គប្រជុំក្នុងប្រទេសបារាំងជាមួយក្រុមតំណាងទទួលសិទ្ធិផ្សព្វផ្សាយ និងភាគីក្លិបដែលពាក់ព័ន្ធ។ ការប្រកាសជាផ្លូវការ បានសម្រេចកំណត់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ជាការចាប់ផ្តើមលីគលំដាប់ទី២ បារាំង និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ជាថ្ងៃបើកសប្តាហ៍នៃលីគកំពូលបារាំង។

ចំណែកក្រៅពីពានលីគកំពូល និងលីគលំដាប់ទី២ ចំពោះពាន French Cup និង League Cup ក្នុងប្រទេសបារាំងដដែល ពុំទាន់បានប្រកាសកាលបរិច្ឆេទ ឬលើកឡើងមកពិភាក្សានៅឡើយ។

សម្រាប់លីគកំពូលបារាំងរដូវកាលនេះ ២០១៩/២០២០ បានបិទបញ្ចប់មុនការប្រកួតតាមកាលវិភាគ ដោយតំណែងជើងឯកបានផ្តល់ទៅក្លិប Paris Saint-Germain ព្រោះបានកាន់កាប់កំពូលតារាង តាមរយៈទទួលបានពិន្ទុលើស៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628