បាល់ទាត់

Higuain គ្រោងទៅលេងឲ្យក្លិបដំបូងនៅអាហ្សង់ទីនវិញ នាមុនពេលចូលនិវត្តន៍

ខ្សែប្រយុទ្ធប្រចាំក្លិបសេះបង្កង់ Juventus ពោលគឺ Gonzalo Higuain បញ្ជាក់ចេតនាគ្រោងនឹងធ្វើដំណើរទៅចូលរួមក្លិបដំបូងរបស់គាត់ Atletio River Plate នាប្រទេសអាហ្សង់ទីន វិញនាពេលឆាប់ៗ ខាងមុខនេះ។

រំលឹកទៅអតីតកាលកីឡាករដែលកើតនៅប្រទេសបារាំងនៅឆ្នាំ១៩៨៧ និងក្រោយមកទៅរស់នៅក្នុងប្រទេសអាហ្សង់ទីនខាងលើ បានចាប់ផ្តើមអាជីពបាល់ទាត់នៅក្នុងថ្នាល់ក្លិប Atletico River Plate សមាជិកនៃលីគកំពូលអាហ្សង់ទីន។ ត្រូវបានតម្លើងមកឈុតធំក្នុងឆ្នាំ២០០៥ និងបានចំណាយពេល ៣រដូវកាលនៅទីនោះដ្បិតមិនទាន់បានជួយឲ្យឈ្នះពានរង្វាន់អ្វី តែត្រូវបានក្លិបអេស្ប៉ាញ Real Madrid ធ្វើការផ្ទេរយកទៅចូលរួម។

ក្រោយធ្វើដំណើរមកដល់ទឹកដីអឺរ៉ុបសាជាថ្មីនេះហើយ ជាពេលវេលាដែល Gonzalo Higuain បានកសាងកេរ្តិ៍ឈ្មោះដោយស្នាក់នៅជាមួយក្លិបធំៗ ដូចជា Real Madrid, Napoli, Juventus, Chelsea និង AC Milan ដោយឈ្នះពានរង្វាន់ដល់ក្លិបសរុបចំនួន ១៣ពាន។

យ៉ាងណា! ថ្លែងក្នុងកិច្ចសម្ភាសជាមួយកាសែត Goal International បុរសវ័យ ៣២ឆ្នាំខាងលើបានបញ្ចេញទស្សនៈរបស់ខ្លួនដូចតទៅៈ

៉ River Plate គឺជាក្លិបដែលផ្តល់អ្វីៗ គ្រប់យ៉ាងដល់ខ្ញុំដូចសព្វថ្ងៃ។ ខ្ញុំបានធំធាត់នៅទីនោះ មុនមកចូលរួមជាមួយ Real Madrid តែពេលនេះខ្ញុំមិនទាន់បានកំណត់ពេលវេលាណាច្បាស់លាស់ឡើយ ពេលនេះក្នុងខួរក្បាលខ្ញុំគិតតែពី Juventus ប៉ុណ្ណោះ ប៉ុន្តែអនាគតខ្ញុំអាចវិលទៅទីនោះម្តងទៀត។ អ្នកគាំទ្រប្រកាដជាឃើញក្លិប River Plate ធ្វើបានល្អក្រោមការដឹកនាំរបស់លោក Marcelo Gallardo (អ្នកចាត់ការទូទៅ) ហើយខ្ញុំនឹងសង្ឃឹមទៅចូលរួមទីនោះម្តងទៀត នាមុនពេលខ្ញុំចូលនិវត្តន៍។  ៉ 

ក្នុងរដូវកាល២០១៩/២០២០ នេះផ្ទាល់ក្រោមការដឹកនាំរបស់លោក Maurizio Sarri កីឡាករ Gonzalo Higuain បានបង្ហាញខ្លួនសរុប ៣៣លើក និងរកបានត្រឹម ៨គ្រាប់ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628