បាល់ទាត់

មូលហេតុ៣យ៉ាង ដែលវៀតណាមត្រូវការឈ្នះជាចាំបាច់លើម៉ាឡេស៊ី ក្នុងវគ្គជម្រុះវើលខាប់ប្រកួតបន្ទាប់

ក្រុមជម្រើសជាតិវៀតណាម ដែលកំពុងកាន់កាប់កំពូលតារាងនៃវគ្គជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ កំពុងតែមមាញឹកក្នុងការត្រៀមខ្លួនធ្វើឲ្យបានល្អក្នុងការប្រកួតបន្ទាប់ ត្រូវជួបជម្រើសជាតិម៉ាឡេស៊ី ដែលជាការប្រកួតជើងទី២ ។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយ Zing.VN លោក Park Hang-Seo គ្រូបង្គោលជម្រើសជាតិនាគមាសវៀតណាម បានសម្តែងការព្រួយបារម្ភជាខ្លាំង និងការតាំងចិត្តខ្ពស់ក្នុងការប្រកួតបន្ទាប់ ដែលត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះម៉ាឡេស៊ី។

៉ ប្រសិនបើពួកយើងអាចយកឈ្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ី ពួកយើងគឺទទួលបានកៅអីកំពូលតារាង។ ដូច្នេះពួកយើងត្រូវតែផ្តោតសំខាន់លើការប្រកួតនេះ។ ហើយវាក៏ជាការត្រៀមខ្លួនក្នុងពានរង្វាន់ AFF Cup (AFF Suzuki Cup) ចុងឆ្នាំនេះផងដែរ។  ៉ 

បើសម្អាងទៅពាក្យសម្តីរបស់បុរសជនជាតិកូរ៉េខាងត្បូង ដែលដឹកនាំវិស័យបាល់ទាត់វៀតណាមឲ្យជោគជ័យរូបនេះ វៀតណាម ត្រូវការយកឈ្នះជាចាំបាច់លើ ម៉ាឡេស៊ី ក្នុងការប្រកួតបន្ទាប់នេះ ពោលដោយហេតុផលសំខាន់ ៣យ៉ាងនោះគឺ (១). កាន់កាប់កំពូលតារាងពូល G នៃវគ្គជម្រុះ បានកៅអីពាន AFC Asian Cup ឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិ , (២). កក់កៅអីឡើងទៅជុំទី៣ វគ្គជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០២២ និង (៣). ការត្រៀមខ្លួនសម្រាប់ការពារតំណែងជើងឯកនៃព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០២០ ។

បច្ចុប្បន្ន វៀតណាម កំពុងឈរកំពូលតារាងវគ្គជម្រុះពូល G នៃព្រឹត្តិការណ៍ជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ ទ្វីបអាស៊ី ដោយប្រកួត ៥លើកកន្លងមក ឈ្នះ ៣លើក និងស្មើរ ២លើក ខណៈ ម៉ាឡេស៊ី ស្ថិតនៅលេខរៀងទី២ ក្នុងពូល ខណៈជើងទី១ ក្នុងទីក្រុងហាណូយ ម្ចាស់ផ្ទះវៀតណាម បានយកឈ្នះលើម៉ាឡេស៊ី ១ទល់០ ។

ចំពោះ ៣​ប្រកួតដែលនៅសល់សម្រាប់ក្រុមជម្រើសជាតិវៀតណាម គឺត្រូវទៅប៉ះម្ចាស់ផ្ទះម៉ាឡេស៊ី មុនបន្តដំណើរមកបើកទ្វារស្វាគមន៍ភ្ញៀវឥណ្ឌូនេស៊ី និងចុងក្រោយត្រូវជិះយន្តហោះ១ជើងចុងក្រោយទៅប៉ះអារ៉ាប់រួម៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628