បាល់ទាត់

កីឡាករលើកពាន FIFA Club World Cup ២០០៥ លក់មេដាយខ្លួនដើម្បីទិញគ្រឿងញៀន

សមាជិកធ្លាប់ជួយក្លិបប្រេស៊ីល Sao Paulo ឈ្នះពានរង្វាន់កម្រិតពិភពលោក FIFA Club World Championship ឬ FIFA Club World Cup (ឈ្មោះបច្ចុប្បន្ន) កាលពីឆ្នាំ២០០៥ ពោលគឺ Flavio Donizete បានសារភាពថារូបគាត់ យកមេដាយផ្ទាល់ខ្លួនទៅលក់ដើម្បីយកលុយទៅទិញគ្រឿងញៀន។

កីឡាករលេងក្នុងតំណែងខ្សែការពារបច្ចុប្បន្នភាពមានវ័យ ៣៦ឆ្នាំ ដែលក្នុងឆ្នាំ២០០៥ ទើបតែអាយុ ២១ឆ្នាំ ក៏បានបង្ហាញខ្លួនក្នុងក្លិប Sao Paulo សមាជិកលីគកំពូលប្រេស៊ីល ដោយបានរួមចំណែកជួយឲ្យក្លិបនេះគ្រងជើងឯក FIFA Club World Cup នាពេលនោះ ដោយបានយកឈ្នះលើក្លិបអង់គ្លេស Liverpool ក្នុងលទ្ធផល ១ទល់០ វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងនៅប្រទេសជប៉ុន។

កីឡាករសញ្ញាតិប្រេស៊ីលរូបនេះ ក្រោយមកបានផ្លាស់ទៅលេងឲ្យក្លិបជាច្រើនក្នុងលីគកំពូលប្រេស៊ីលដែលជាទីកន្លែងកំណើតផ្ទាល់ ប៉ុន្តែមិនយូរប៉ុន្មាន ជីវិតរូបគេត្រូវបានផ្លាស់ប្តូរដោយសារតែផុងខ្លួនទៅនឹងការប្រើប្រាស់ថ្នាំញៀន រហូតឈានដល់ការយកមេដាយនៃព្រឹត្តិការន៍លំដាប់ពិភពលោកខាងលើ ទៅលក់ដើម្បីប្រមូលលុយទិញថ្នាំញៀនប្រភេទកូកាអ៊ីនថែមទៀត។

ថ្លែងក្នុងកិច្ចសម្ភាសឲ្យកាសែតក្នុងប្រទេសមួយ កីឡាករ Flavio Donizete បានសារភាពត្រង់ៗ ឲ្យដឹងថាៈ

៉ ខ្ញុំបានលក់មេដាយ FIFA Club World Championship ក្នុងតម្លៃតែ ៧ពាន់ Reais (លុយប្រេស៊ីល ឬស្មើរប្រមាណជាង ៣ ៥០០ដុល្លារ) ដើម្បីយកលុយនោះទៅទិញកូកាអ៊ីន។ ហើយពេលនោះគឺជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំ ដែលអាចទិញបានកូកាអ៊ីនជាច្រើន ហើយខ្ញុំបានប្រើប្រាស់វាអស់រយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ។ នាពេលនោះ ខ្ញុំគ្រាន់តែគិតថា លុយដែលខ្ញុំអាចរកបានច្រើនប៉ុន្មាន ខ្ញុំនឹងចំណាយលើការទិញកូកាអ៊ីនឲ្យបានច្រើន។  ៉ 

ក្រោយធ្លាក់ខ្លួនចូលសភាពនៃការញៀនថ្នាំ រហូតដល់ការបោះបង់អាជីពកីឡាករនៅក្នុងឆ្នាំ២០០៩ ប៉ុន្តែ ៦ឆ្នាំក្រោយមក បន្ទាប់ពីព្យាយាមផ្តាច់ និងកែខ្លួនឡើងវិញទើបកីឡាកររូបនេះបានមានឳកាសចាប់អាជីពសាជាថ្មីជាមួយក្លិបនៃលីគលំដាប់ទី២ ប្រេស៊ីល កាលពីឆ្នាំ២០១៥ និងចុងក្រោយឆ្នាំ២០១៩ កន្លងទៅបានផ្ទេរមកលេងនៅក្លិប Portuguesa នៅលីគកំពូលប្រេស៊ីល ម្តងទៀត។

យ៉ាងណាក្តី! បច្ចុប្បន្នភាព Flavio Donizete បានកែប្រែខ្លួនឡើងវិញ និងបានរំលឹកឡើងវិញឲ្យដឹងថា ដោយសារថ្នាំញៀនបានធ្វើឲ្យរូបគាត់ធ្លាក់ដល់កម្រិតទាបបំផុតក្នុងជីវិត និងស្ទើរតែបាត់បង់អ្វីៗ គ្រប់យ៉ាងទាំងអស់ តែសំណាងខ្លួនដែលមាន ភរិយា និងកូនៗ នៅជាមួយគាត់គ្រប់ពេលវេលាទល់សព្វថ្ងៃ៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628