កីឡាជាតិ

CAMSOC បន្តពន្លឿនសកម្មភាពពិនិត្យស្លាកសញ្ញា និមិត្តរូប និងបាវចនា ឬពាក្យស្លោកនៃស៊ីហ្គេម ២០២៣

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដោយផ្តោតសំខាន់លើសកម្មភាពការងាររបស់គណៈកម្មការជំនាញចំនួនពីរ និងបន្តពិនិត្យស្លាកសញ្ញា និមិត្តរូប និងបាវចនា ឬពាក្យស្លោកនៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា កិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈអចិន្ត្រៃយ៍ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន បានអនុញ្ញាតឲ្យប្រធានគណៈកម្មការជំនាញចំនួនពីរមកធ្វើបទបង្ហាញពីផែនការរបស់ខ្លួន ដើម្បីឆ្លងជូន និងសម្រេចពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

អ្វីដែលជាការកត់សម្គាល់ឃើញថា ក្រោយពី បានស្តាប់នៃបទបង្ហាញរបស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានគណៈកម្មការពត៌មាន និងផ្សព្វផ្សាយ និងគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា គឺគាត់បានធ្វើការបានប្រមាណ៦០ទៅ៧០%ហើយៗអង្គប្រជុំបានវាយតម្លៃថាយើងមានវឌ្ឍនភាព និងបានពន្លឿងលើកិច្ចការរបស់គណៈកម្មការជំនាញទាំងពីរនេះហើយដែរ ដោយគណៈកម្មការជំនាញពីរនេះត្រូវចេញដំណើរមុនគេ ដើម្បីធ្វើសកម្មភាពការងារឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តមអគ្គលេខាធិការក៏បានបញ្ជាក់ផងដែរទៅលើការត្រួតពិនិត្យលើស្លាកសញ្ញា «Logo» និមិត្តសញ្ញា «Mascot» និងបាវចនា ឬពាក្យស្លោក «Motto» គឺនៅមានភាពស្មុគស្មាញច្រើន ដោយយើងត្រូវបន្តពិនិត្យសម្រិតសម្រាំងឲ្យមានភាពច្បាស់លាស់ណាស់បន្ថែមទៀត មុននឹងសម្រេច។ ដោយសារនេះគឺជានិមិត្តរូបនៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទាំងមូល ដូច្នេះឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញឲ្យយើងបន្តកែលម្អធ្វើយ៉ាងណាឲ្យស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោកនេះមានភាពទាក់ទាញ និងត្រូវទៅនឹងគោលការណ៍ នយោបាយកីឡាផង ព្រមទាំងស្របទៅតាមគោលនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជាយើងផង ពីព្រោះ ស៊ីហ្គេម គឺជារបស់យើងទាំងអស់គ្នា។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ការត្រួតពិនិត្យស្លាកសញ្ញានេះគឺយើងប្រជុំចំនួន៣លើករួចមកហើយៗនៅតែបន្តការកែសម្រួលលម្អរបន្ថែមទៀត ប៉ុន្តែអ្វីដែលគណៈអចិន្ត្រៃយ៍បានឯកភាពគ្នា គឺទៅលើនិមិត្តសញ្ញា «Mascot» ដែលមានរូបទន្សាយតំណាង និងបាវចនា ឬពាក្យស្លោកនេះ។

នេះគឺជាការសម្រេចនៅក្នុងគណៈអចិន្ត្រៃយ៍នៅឡើយទេ ដែលយើង នឹងយកការសម្រេចនេះទៅឆ្លងសម្តេចពិជ័យសេនា ទៀ បាញ់ និងបន្តឆ្លងទៅរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតី​តេ​ជោ​​ ហ៊ុន សែន ដើម្បីសម្រេចជាចុងក្រោយបំផុត។«កិច្ចប្រជុំនេះទទួលបានលទ្ធផលនៃវឌ្ឍនភាពការងារនៃគណៈកម្មការជំនាញពីរនេះ ហើយនៅសប្តាហ៍ក្រោយ គណៈអចិន្ត្រៃយ៍នឹងបន្តកិច្ចប្រជុំលើគណៈកម្មការពិធីបើក-បិទ ដែលជាគណៈកម្មការសំខាន់នៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ផងដែរ»។ នេះជាការលើកឡើងបន្ថែមចុងក្រោយរបស់ឯកឧត្តមអគ្គលេខាធិការ CAMSOC៕

អត្ថបទនិងរូបភាព៖ Cambodia SEA GAMES 2023

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628