បាល់ទាត់

កាសែតវៀតណាមសរសេរ៖ ខ្លាចវៀតណាម​គ្រប់គ្រង​អាស៊ាន​យូរ​ពេក សមាគមបាល់​ទាត់​ថៃផ្លាស់ប្ដូរគម្រោងថ្មី

ដោយ​មិន​ចង់​ឲ្យ​វៀតណាមបន្ត​ក្លាយ​ជា​ក្រុម​ខ្លាំង​នៅ​អាស៊ាន សមាគមបាល់​ទាត់​ថៃ​កំពុង​រៀប​គម្រោង​បញ្ជូន​​ក្រុម​កីឡាករ​ល្អនិង​ខ្លាំង​បំផុត​របស់​ខ្លួន​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2020 វិញហើយ។

ដំបូងឡើយ! ដោយ​សារ​ Thai League ដំណើរការ​ជាន់​គ្នា​ជាមួយ​ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2020 ថៃ​នឹង​មិន​មានក្រុម​កីឡាករ​ដែល​ខ្លាំងបំផុត​ចូល​រួម​ក្នុង​ពានរង្វាន់​នេះ​ឡើយ។ នេះ​មានន័យ​ថា​ឱកាស​វៀតណាម​រក្សា​ដំណែង​ជើង​ឯក​បន្ត​ទៀត​គឺ​មាន​ខ្ពស់​ណាស់។ ដោយ​ខ្លាច​រឿង​នេះ​កើតឡើង​! សមាគមកីឡាបាល់​ទាត់​ថៃកំពុងរៀប​គម្រោង​ឲ្យ​លោក Akira Nishino មាន​កីឡាករ​ល្អបំផុត​របស់​ជម្រើស​ជាតិ​ថៃ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះដែល​នឹង​ចូល​មក​ដល់​ចុង​ឆ្នាំ​នេះ​ហើយ។

កាសែត Dailynews​បាន​ដកស្រង់សម្ដីលោក Parit Suphaphong អគ្គលេខាធិការសមាគមកិឡាបាល់ទាត់​ថៃ​អំពី​ការ​ផ្លាស់ប្ដូរគម្រោងថ្មី៖

“បច្ចុប្បន្ន AFF Cup មិនទាន់មានកាលវិភាគទេ។ ប្រសិនបើការប្រកួតកើតឡើង! ការប្រកួតជម្រុះក្នុងពូល នឹងជាន់ពេលជាមួយការប្រកួតលីគថៃមួយចំនួន។ ប៉ុន្តែនៅពេលចូលដល់វគ្គចាញ់​ធ្លាក់នឹងមិនមានបញ្ហាអ្វីទេ។ នេះជាពេលវេលាដែលការ​ប្រកួតប្រជែងក្នុង Thai League សម្រាក ដូច្នេះ Nishino អាចជ្រើសរើសកីឡាករល្អបំផុតបាន”។

ការឡើងជើងខ្លាំងរបស់ជម្រើសជាតិវៀតណាមក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះបានធ្វើឱ្យប្រជាជនថៃ“ ខឹង” យ៉ាងខ្លាំង។ ក្រុមដំរីចម្បាំងថៃមានទម្លាប់ឈរជាក្រុមកំពូលនៅអាស៊ីអាគ្នេយ៍យូរ​មក​ហើយ ដូច្នេះពួកគេប្តេជ្ញាថានឹងដណ្ដើមឋានៈនេះពីកណ្តាប់ដៃរបស់វៀតណាមមក​វិញ។

ភស្តុតាងបញ្ជាក់ថាសហព័ន្ធកីឡាបាល់ទាត់ថៃបានកំណត់គោលដៅកក់សំបុត្រទៅវគ្គជម្រុះចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅទ្វីបអាស៊ី និងហក់រំលងវៀតណាមឈានដល់ក្រុមខ្លាំងទាំង ១០០ លើពិភពលោក។ ដើម្បីធ្វើដូចនេះក្រុមរបស់​លោក Akira នឹងត្រូវយកឈ្នះរាល់ការប្រកួតដែលនៅសល់ចំនួន ៣ ប្រកួតទៀតក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២២ នៅអាស៊ី។

ឱកាសមិនមានច្រើនទេ​ ព្រោះថៃនឹងត្រូវប្រឈមមុខជាមួយក្រុមខ្លាំងដូចជាអារ៉ាប់រួម និង ម៉ាឡេស៊ី។ វាពិតជាលំបាកខ្លាំងណាស់សម្រាប់ Akira Nishino ក្នុងការសម្រេចគោលដៅដែលបានកំណត់ពីសហព័ន្ធបាល់ទាត់ថៃ៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628