បាល់ទាត់

កំណត់ត្រា ៥យ៉ាងមិនងាយមានអ្នកបំបែកនៅក្នុងក្របខណ្ឌ English Premier League

ប្រិយមិត្តបានស្គាល់មកហើយចំពោះភាពល្បីល្បាញនៃលីគបាល់ទាត់ក្របខណ្ឌកំពូលអង់គ្លេស (English Premier League) ដែលត្រូវគេផ្តល់តម្លៃជាលីគមានការប្រកួតប្រជែងខ្ពស់ និងមានការទាក់ទាញអ្នកទស្សនាមិនថាក្នុងទ្វីបអឺរ៉ុប ឬជុំវិញពិភពលោកនោះទេ។ ដូច្នេះក្នុងពេលនេះ ក្រុមការងារ VEHA Media នឹងណែនាំប្រិយមិត្តឲ្យស្គាល់កំណត់ត្រា ៥យ៉ាង ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ដែលពុំងាយមាននរណាបំបែកបានៈ

១.អ្នកចាត់ការទូទៅកាន់តំណែងយូរបំផុតក្នុងប្រវត្តិសាស្ត្រ

លោក Arsene Wenger ជាអ្នកចាត់់ការទូទៅនៃក្លិបកាំភ្លើងធំ Arsenal ដោយបានកាន់តំណែងនេះរយៈពេល​ ២១ឆ្នាំ និង ២២៤ថ្ងៃ ដែលជាកំណត់ត្រាមួយដែលកម្រនឹងមានអ្នកចាត់ការទូទៅដទៃបំបែកបាននោះឡើយ។ ក្នុងការកាន់តំណែងជាង ២ទសវត្សរិ៍មកនេះ បុរសជនជាតិបារាំងខាងលើបានបានដឹកនាំក្លិបភាគខាងជើងទីក្រុងឡុងដ៍ចំនួន ១ ២៣៥ប្រកួត (ឈ្នះ ៧០៧លើក ស្មើរ ២៨០លើក និងចាញ់ ២៤៨លើក) ។ ក្នុងរដូវកាល២០០៣/២០០៤ រូបគាត់បានជួយឲ្យ Arsenal កាន់កំណត់ត្រាទទួលបានពានលីគកំពូលអង់គ្លេសមាស ពោលគឺមួយរដូវកាលមិនធ្លាប់ចាញ់ទាល់តែសោះ។

 

២.កីឡាករវ័យចាស់បំផុត

លោក John Burridge គឺជាអតីតកីឡាករអ្នកចាំទី ហើយក៏ជាកីឡាករកាន់កំណត់ត្រាអាយុចាស់ជាងគេបំផុតបង្ហាញខ្លួនក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ដោយរូបគាត់លេងឲ្យក្លិប Manchester City តទល់នឹងក្លិប Queen Park Rangers ក្នុងថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៩៥ ដោយគ្រានោះរូបគាត់មានអាយុ ៤៣ឆ្នាំ និង ១៦២ថ្ងៃ។ បច្ចុប្បន្នភាពរូបគាត់ កំពុងកាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីនៅក្លិបលីគកំពូលឥណ្ឌាមួយ។

 

៣.អ្នករកគ្រាប់បាល់វ័យចាស់បំផុត

លោក Teddy Sheringham ជាអតីតកីឡាករលេងក្នុងតំណែងខ្សែប្រយុទ្ធ ខណៈគាត់គឺជាអ្នកកាន់កំណត់ត្រាកីឡាករមានវ័យចាស់បំផុតអាចទាត់បញ្ចូលក្នុងសំណាញ់ទីដៃគូលើទីលានបាន។ កំណត់ត្រាកម្រនេះត្រូវបានគាត់បង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដោយគ្រានោះលេងឲ្យក្លិប West Ham United ទាត់បញ្ចូលទីលើក្លិប Portsmouth FC ដែលស្ថិតនៅក្នុងអាយុ ៤០ឆ្នាំ និង ២៦៨ថ្ងៃ។

 

៤.Hat-Trick លឿនបំផុត

ចំពោះការរកបាន ៣គ្រាប់ក្នុងប្រកួត ឬហៅថា Hat-Trick គឺពិតជាមិនងាយទទួលបានឡើយសម្រាប់កីឡាករក្នុងលីគកម្រិតខ្ពស់ដូចជាក្របខណ្ឌលីគកំពូលអង់គ្លេសជាដើម។ តែសម្រាប់កីឡាករ Sadio Mane របស់ក្លិបហង្សក្រហម Liverpool សព្វថ្ងៃធ្លាប់បានបំបែកកំណត់ត្រារកគ្រាប់បាល់ Hat-trick និងលឿនបំផុតក្នុងប្រវត្តិសាស្ត្រថែមទៀត។ ក្នុងការប្រកួតដោយគ្រានោះកីឡាករសញ្ជាតិសេណេហ្គាល់រូបនេះលេងឲ្យក្លិប Southampton បានទាត់បញ្ចូលទី ៣គ្រាប់តែឯង ដោយចំណាយពេលត្រឹមតែ ២នាទី និង ៥៦វិនាទី ទម្លាយសំណាញ់ទីលើក្លិប Aston Villa ក្នុងការប្រកួតឆ្នាំ២០១៥ ។

 

៥.កីឡាករបង្ហាញខ្លួនច្រើនរដូវកាលបំផុត

វីរៈបុរសប្រចាំក្លិប Manchester United លោក Ryan Giggs ដែលបច្ចុប្បន្នភាពជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិវែល គឺជាអ្នកកាន់កំណត់ត្រាបង្ហាញខ្លួនច្រើនរដូវកាលបំផុតក្នុងនាមជាកីឡាករក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស។ គិតតាំងពីតម្លើងមកឈុតធំ រហូតដល់ពេលចូលនិវត្តន៍នៅទឹកដី Old Trafford អតីតកីឡាករលេងក្នុងតំណែងខ្សែបម្រើរូបនេះបង្ហាញខ្លួនសរុប ២២រដូវកាល (ពីរដូវកាល១៩៩២/១៩៩៣ ដល់រដូវកាល២០១៣/២០១៤) ដោយបង្ហាញខ្លួនសរុប ៦៧២លើក និងរកបាន ១១៤គ្រាប់៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628