បាល់ទាត់

Park Hang-Seo លើកសំណូមពរ ៣យ៉ាងដល់ក្លិបវៀតណាមទាំងអស់ ដើម្បីអភិវឌ្ឍធនធានកីឡាករ

សកម្មភាពបាល់ទាត់ក្នុងប្រទេសវៀតណាម បានវិលត្រឡប់មកវិញហើយកាលពីចុងសប្តាហ៍ទៅមិញនេះ ក្រោយពីសម្រាកមួយរយៈដោយសារជំងឺរាតត្បាតសកល COVID-19 ។ ទន្ទឺមនឹងការវិលត្រឡប់មកវិញនេះផងដែរ លោក Park Hang-Seo គ្រូបង្គោលជោគជ័យនៃក្រុមជម្រើសជាតិវៀតណាម បានចេញមុខលើកជាសំណូមពរ ៣យ៉ាងដល់គ្រប់ក្លិបអាជីពនៅវៀតណាមទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានកីឡាករវៀតណាមតទៅខាងមុខ។

យោងតាមការចុះផ្សាយរបស់កាសែតក្នុងប្រទេសវៀតណាមបានបង្ហាញថាបុរសជនជាតិកូរ៉េខាងត្បូង ដែលបានកសាងស្នាដៃជួយក្រុមជម្រើសជាតិវៀតណាមគ្រងតំណែងជើងឯក AFF Suzuki Cup ឆ្នាំ២០១៨ និងមេដាយមាសព្រឹត្តិការណ៍ SEA Games ឆ្នាំ២០១៩ កន្លងទៅថ្មីៗ ខាងលើ បានលើកជាសំណូមពរ ៣យ៉ាងដល់គ្រប់ក្លិបអាជីពដែលប្រកួតប្រជែងក្នុងលីគវៀតណាម ដោយសង្ខេបជារួមមានៈ

ទី១. សំណូមពរដល់គ្រូបង្វឹកនៃក្លិបនីមួយៗ គ្រប់លីគអាជីពនៅវៀតណាមព្យាយាមប្រើប្រាស់ធនធានតំបន់ប្រយុទ្ធ (ខ្សែប្រយុទ្ធ ខ្សែប្រយុទ្ធស្លាប ខ្សែបម្រើប្រយុទ្ធ) ជាកីឡាករជនជាតិវៀតណាមផ្ទាល់ឲ្យបានច្រើនជាជាងការប្រើប្រាស់កីឡាករបរទេស។

ទី២. សំណូមពរដល់គ្រូបង្វឹកនៃក្លិបនីមួយៗ គ្រប់លីគអាជីពនៅវៀតណាមព្យាយាមផ្តល់ឳកាសដល់យុវជនជាកីឡាករជនជាតិវៀតណាមផ្ទាល់ ទៅតាមលទ្ធភាពអាចទៅរួចក្នុងការប្រកួតផ្លូវការ។

ទី៣. សំណូមពរដល់គ្រប់ក្លិបនីមួយៗ ក្នុងលីគអាជីពនៅវៀតណាម ត្រូវពិនិត្យ និងតាមដានឲ្យបានម៉ត់ចត់ចំពោះកម្រិតអាហារូបត្ថម្ភ ដើម្បីជាការចូលរួមលើការអភិវឌ្ឍផ្នែកកាយសម្បទារកីឡាករ។

បើតាមការបញ្ជាក់ដដែលរបស់លោក Park Hang-Seo ចំពោះការលើកឡើងជាសំណូមពរខាងលើ ដោយសារគិតគូចំពោះក្រុមជម្រើសជាតិវៀតណាមទាំងមូល និងជាការរួមចំណែកអភិវឌ្ឍន៍ធនធានកីឡាករបាល់ទាត់តទៅខាងមុខ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628