បាល់ទាត់

ទោះក្នុងស្ថានភាព COVID-19 ឥណ្ឌូនេស៊ី នៅតែធានារៀបចំព្រឹត្តិការណ៍ World Cup U20 ឆ្នាំក្រោយដដែល

បច្ចុប្បន្នភាពសកម្មភាពបាល់ទាត់ទូទាំងពិភពលោកកំពុងស្ថិតនៅក្នុងការផ្អាក ឬរៀបចំប្រកួតដោយមានការរិតដ្បិតជាខ្លាំងដើម្បីការពារពីការរាតត្បាតនៃជំងឺ COVID-19 ។ ខណៈឯ ឥណ្ឌូនេស៊ី ដែលមិត្តរួមតំបន់អាស៊ីអាគ្នេយ៍យើងក៏កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍លំដាប់សាកល FIFA World Cup U20 នាឆ្នាំក្រោយផងដែរ។

បើទោះស្ថិតក្នុងស្ថានភាពដូចការរៀបរាប់ពីខាងលើ រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡានៃរដ្ឋាភិបាលឥណ្ឌូនេស៊ី ឯកត្តម Zainudin Amali បានចេញមុខអះអាងធានានៅតែរក្សាគោលជំហររៀបចំព្រឹត្តិការណ៍ FIFA World Cup U20 ឆ្នាំ២០២១ ទៅតាមគម្រោងការដដែល។

តាមការចុះផ្សាយរបស់កាសែតឥណ្ឌូនេស៊ី Bolalob បានឲ្យដឹងថា រដ្ឋមន្ត្រីរូបនេះបានធានាអះអាងនឹងរៀបចំដំណើរការព្រឹត្តិការណ៍ខាងលើឲ្យបានសម្រេចក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ចំណែកស្ថានភាពជំងឺ COVID-19 អាស្រ័យជាក់ស្តែង ដោយអាចនឹងរៀបចំការប្រកួតដោយបិទទ្វារកីឡដ្ឋាន (មិនមានអ្នកចូលទស្សនា) ឬក៏មានលក្ខខណ្ឌណាផ្សេងៗទៀត ដោយរង់ចាំដល់ពេលវេលាជាក់ស្តែង។ បន្ថែមពីនេះ ខាងក្រសួងយុវជន និងកីឡា នឹងធ្វើការសហការជាមួយក្រសួងកិច្ចការងារសាធារណៈ រួមទាំងសមាគមបាល់ទាត់ឥណ្ឌូនេស៊ី ឲ្យបានម៉ត់ចត់ដើម្បីធានាការរៀបចំឲ្យបានទៅតាមកាលវិភាគ។

គួរឲ្យដឹងថាព្រឹត្តិការណ៍ FIFA World Cup U20 ឆ្នាំ២០២១ នឹងរៀបចំនៅប្រទេសឥណ្ឌូនេស៊ី ដោយមានការប្រព្រឹត្តទៅ ៦កីឡដ្ឋាន ក្នុងទីក្រុង ៦ ផ្សេងគ្នា និងមានការចូលរួមដោយក្រុមជម្រើសជាតិសរុប ២៤ ប្រទេស មកពីទ្វីបទាំង ៦ ។ ខណៈឯកាលវិភាគដែលគ្រោងនឹងរៀបចំចាប់ពីខែឧសភា ដល់ខែមិថុនា៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628