បាល់ទាត់

រុស្សី អនុញ្ញាតឲ្យមានអ្នកគាំទ្រក្នុងកីឡដ្ឋានឡើងវិញចាប់ពីខែក្រោយតទៅ តែកំណត់ចំនួន

អ្នកគាំទ្រវិស័យបាល់ទាត់ក្នុងប្រទេសរុស្សី នឹងមានឳកាសចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានឡើងវិញក្នុងរៀងរាល់ការប្រកួតចាប់ពីខែមិថុនា ខាងមុខនេះតទៅ ក្រោយពីមានការអនុញ្ញាតដោយប្រធានាធិបតីរុស្សីផ្ទាល់លោក  Vladimir Putin ។ 

យោងតាមសេចក្តីបញ្ជាក់របស់សមាគមបាល់ទាត់រុស្សី (RFS) តាមអនុសាសន៍ពីប្រធានាធិបតីរុស្សី បានឯកភាពអនុញ្ញាតឲ្យការប្រកួតនឹងមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យមុនចូលឲ្យបានម៉ត់ចត់ ព្រមទាំងមានការកំណត់ចំនួនត្រឹម ១០% នៃចំនួនផ្ទុកអ្នកទស្សនាសរុបក្នុងកីឡដ្ឋាននីមួយៗ ប៉ុណ្ណោះ។

គួរឲ្យដឹងថា លីគកំពូលរុស្សី (Russia Premier League) រដូវកាល២០១៩-២០២០ បានដំណើរការដលសប្តាហ៍ទី២២ ខណៈនៅសល់ ៨សប្តាហ៍ទៀតទើបបញ្ចប់។ តែដោយសារជំងឺវាយលុក COVID-19 បានធ្វើឲ្យសកម្មភាពកីឡាក្នុងប្រទេសទឹកដីធំបំផុតក្នុងលោកមួយនេះ សម្រាកតាំងពីកំឡុងពាក់កណ្តាលខែមីនាមកម្ល៉េះ។

បញ្ជាក់ផងថា រុស្សី បច្ចុប្បន្នភាពគឺជាប្រទេសឈរលំដាប់លេខរៀងទី៣ ក្នុងពិភពលោកដែលមានផ្ទុកអ្នកជំងឺ COVID-19 ច្រើនជាងគេ ពោលមានប្រមាណជាង ៣៧មុឺននាក់ តាមពីក្រោយ ប្រេស៊ីល (៤៣មុឺននាក់) និងសហរដ្ឋអាមេរិក (១,៧លាននាក់) ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628