បាល់ទាត់

គ្រូបង្វឹកថៃ ស្នើកោះហៅកីឡាករជម្រើសជាតិប្រមូលផ្តុំមុន១ខែ ត្រៀមលេងជម្រុះវើលខាប់

ជារឿងរ៉ាវគួរចាប់អារម្មណ៍ ដោយលោក Akira Nishino បានស្នើសុំដល់សមាគមបាល់ទាត់ថៃ (FAT) គ្រោងធ្វើការកោះហៅប្រមូលផ្តុំកីឡាករជម្រើសជាតិថៃ រយៈពេលមុន១ខែ ក្នុងការត្រៀមខ្លួនពេលណាដែលការប្រកួតវគ្គជម្រុះទៅកាន់ FIFA World Cup និង AFC Asian Cup វិលត្រឡប់មកវិញ។

ចំពោះព័ត៌មានខាងលើនេះ គឺត្រូវបានបង្ហាញឲ្យដោយផ្ទាល់ពីលោក Parit Suphaphong អគ្គលេខាធិការនៃសមាគមបាល់ទាត់ថៃ (FAT) តែម្តង ខណៈខាងស្ថាប័នដឹកនាំវិស័យបាល់ទាត់ថៃនេះក៏យល់ព្រមទាំងការស្នើសុំរបស់លោក Akira Nishino ផងដែរ។

បើតាមប្រភពដដែលបញ្ជាក់ថា ការស្នើសុំរបស់គ្រូបង្វឹកជនជាតិជប៉ុនខាងលើដើម្បីធានាបាននូវកៅអីឡើងវគ្គបន្ត ឬជុំទី៣ ក្នុងដំណើរឆ្ពោះទៅកាន់ FIFA World Cup 2022 និង AFC Asian Cup 2023 ក៏ព្រោះតែសកម្មភាពបាល់ទាត់បច្ចុប្បន្នភាពកំពុងសម្រាករយៈពេលយូរមកហើយដោយសារជំងឺរាតត្បាត COVID-19 ខណៈក្នុងលីគកំពូលថៃក៏ពន្យារពេលដល់កំឡុងខែកញ្ញាផងដែរនោះ។

បើក្រឡេកមើលទៅក្នុងតារាងពូល G ក្នុងដំណើរជម្រុះទៅកាន់ព្រឹត្តិការណ៍លំដាប់ពិភពលោក និងកម្រិតទ្វីបអាស៊ី ក្រុមជម្រើសជាតិថៃ កំពុងឈរលេខរៀងទី៣ ក្នុងតារាង ដោយឈរពីក្រោម ម៉ាឡេស៊ី និងវៀតណាម ខណៈ ៣ប្រកួតដែលសល់ គឺតម្រូវឲ្យលោក Akira Nishino រ៉ាប់រងរួមមានប៉ះ ឥណ្ឌូនេស៊ី អារ៉ាប់រួម និងចុងក្រោយម៉ាឡេស៊ី។

ដោយឡែក មកទល់ពេលនេះយើងពុំទាន់បានដឹងច្បាស់ពីការកំណត់ពេលវេលានៃការប្រកួតជម្រុះបន្តនាពេលណាច្បាស់លាស់ឡើយ ពោលគឺត្រូវរង់ចាំការកំណត់កាលវិភាគពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628