បាល់ទាត់

ក្លិប LASK ត្រូវកាត់១២ពិន្ទុក្នុងលីគកំពូលអូទ្រីស ព្រោះហ្វឹកហាត់មិនគោរពគោលការគម្លាតសង្គម

ក្លិបដែលកំពុងឈានមុខគេក្នុងតារាងលីគកំពូលអូទ្រីស Linzer Athletik Sport Club ឬត្រូវគេសរសេរកាត់ LASK ត្រូវបានគណៈកម្មការរៀបចំការប្រកួតធ្វើការពិន័យតាមរយៈការកាត់ចំនួន ១២ពិន្ទុ ព្រោះតែប្រមូលផ្តុំកីឡាករហ្វឹកហាត់មិនគោរពតាមគោលការណ៍គម្លាតសង្គម។

ដើមឡើយក្រោយការប្រកួតបានបញ្ជប់ក្នុងតារាងលីគកំពូលអូទ្រីសមុនពេលសម្រាកដោយសារការវាយប្រហារនៃជំងឺ COVID-19 ក្លិប LASK បានឈរលើកំពូលតារាងលីគ ប៉ុន្តែក្រោយចេញវិធានការពិន័យរួចរាល់ក្លិបនេះធ្លាក់មកឈរលេខរៀងទី២ វិញ តាមពីក្រោយក្លិប Red Bull Salzburg ដល់ទៅ ៦ពិន្ទុវិញ។

តាមសេចក្តីប្រកាសរបស់គណៈកម្មការរៀបចំការប្រកួតលីគកំពូលអូទ្រីស (Austrain Football Bundesliga) បានកំណត់ការពិន័យជាប្រាក់ចំនួន ៧៥ ០០០អឺរ៉ូ បូករួមនឹងការកាត់ចំនួន ១២ពិន្ទុថែមទៀតចំពោះក្លិប LASK ដោយសម្អាងមូលហេតុល្មើសនឹងគោលការគម្លាតសង្គមក្នុងការហ្វឹកហាត់។

ពោលដោយដំបូង ខាងស្ថាប័នខាងលើបានចាប់ផ្តើមអនុញ្ញាតឲ្យរាល់ក្លិបអាជីពទាំងអស់ចាប់ផ្តើមប្រមូលផ្តុំកីឡាករហ្វឹកហាត់ឡើងវិញបាន ប៉ុន្តែត្រូវគោរពគោលការគម្លាតសង្គម ដោយតម្រូវធ្វើការបែងចែកកីឡាករជាក្រុមតូចៗ មិនលើសពីចំនួន ៦នាក់ប៉ុណ្ណោះ។ តែក្លិប LASK បានធ្វើការហ្វឹកហាត់ដោយដាក់កីឡាករចូលគ្នាគ្រប់រូបជាធម្មតាទៅវិញ។

យ៉ាងណាក្តី! បាល់ទាត់ក្របខណ្ឌលីគកំពូលអូទ្រីសរដូវកាល២០១៩/២០២០ នឹងវិលត្រឡប់មកវិញនាកំឡុងពាក់កណ្តាលខែក្រោយនេះ ខណៈនៅសល់ ១០ប្រកួតទៀតដើម្បីឲ្យ LASK ធ្វើការវាយបកដណ្តើមកំពូលតារាងមកវិញពីក្លិប Red Bull Salzburg ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628