បាល់ទាត់

កីឡាករហុងកុងទី១ជាប្រវត្តិសាស្ត្រ ចុះកិច្ចសន្យាជាមួយក្លិប Sporting CP លីគកំពូលព័រទុយហ្គាល់

កីឡាករកាន់សញ្ជាតិហុងកុងដំបូងគេ បានបង្ហាញខ្លួននៅក្នុងក្របខណ្ឌលីគកំពូលព័រទុយហ្គាល់ ចាប់ពីរដូវកាលក្រោយតទៅជាមួយក្លិប Sporting CP ត្រូវបានចារ្យឈ្មោះទុកជាប្រវត្តិសាស្ត្រ និងកំពុងតែមានភាពល្បីល្បាញសម្រាប់ការសែតក្នុងប្រទេសហុងកុងផ្ទាល់ផងដែរ។

យុវជនដែលកសាងឈ្មោះជាប្រវត្តិសាស្ត្រនោះគឺ Ng Yee-Sun ដែលលេងក្នុងតំណែងអ្នកចាំទី និងសព្វថ្ងៃមានអាយុទើបតែ ១៧ឆ្នាំប៉ុណ្ណោះ។ កាលពិតទៅរូបគេគឺបានចូលរួមជាមួយក្លិបជើងឯកលីគកំពូលព័រទុយហ្គាល់ ១៨សម័យកាលខាងលើ តាំងពីឆ្នាំមុនមកម្ល៉េះ ក្នុងនាមជាយុវជនឈុតថ្នាល់ U19 របស់ក្លិប។

ក្រោយបង្ហាញសមត្ថភាពគួរឲ្យកត់សម្គាល់ និងមានការជួយណែនាំដោយគ្រូបង្វឹកអ្នកចាំទីថ្នាល់យុវជនផ្ទាល់ (រូបខាងក្រោម) ក្លិបបានសម្រេចចិត្តជាផ្លូវការតម្លើងកីឡាកររូបនេះមកក្នុងឈុតធំចាប់ពីរដូវកាលក្រោយតទៅជាផ្លូវការ ជាមួយការផ្តល់កិច្ចសន្យារយៈពេល ២រដូវកាលទៀតផង ហើយក៏នាំឲ្យរូបគេក្លាយខ្លួនជាកីឡាករសញ្ជាតិហុងកុងដំបូងគេលេងនៅក្របខណ្ឌលីគកំពូលព័រទុយហ្គាល់។

ថ្លែងក្នុងកិច្ចសម្ភាសន៍បន្ទាប់ពីទទួលបានដំណឺងដ៏សែនរីករាយខាងលើ Ng Yee-Sun បានរំលឹកអំពីគ្រាចូលរួមជាមួយថ្នាល់របស់ក្លិបដំបូង និងអារម្មណ៍នាពេលនេះដូចតទៅៈ

៉ អារម្មណ៍ខ្ញុំពេលចូលរួមនៅទីនេះលើកដំបូង គឺអ្វីដែលធ្វើឲ្យខ្ញុំរំភើបជាងគេគឺធ្លាប់បានហ្វឹកហាត់ជាមួយកីឡាករល្បីៗ ដូចជា Bruno Fernandes , Jeremy Mathieu… ជាដើម។ ពេលខ្ញុំចាប់ផ្តើមហ្វឹកហាត់ថ្ងៃដំបូងជាមួយគ្រូបង្វឹកអ្នកចាំទី គាត់បានប្រាប់ខ្ញុំថា ‘ Sun ឯងត្រូវតែចូលរួមជាមួយពួកគេ (ឈុតធំ) ‘ ។

ក្នុងក្រុមរបស់ខ្ញុំនាពេលនេះ គឺមានតែខ្ញុំម្នាក់គត់មកពីអាស៊ី ខណៈមានអ្នកខ្លះមកពីអឺរ៉ុប ខ្លះកើតនៅអាមេរិកខាងត្បូង និងមួយចំនួនទៀតពួកគេកើតនៅអាហ្រ្វិក។ ខ្ញុំនឹងព្យាយាមគ្រប់យ៉ាង ដើម្បីបញ្ជាក់ប្រាប់ពួកគេថា កីឡាករអាស៊ី ក៏អាចធ្វើបានដូចពួកគេផងដែរ។ កីឡាករអាស៊ីយើងមួយចំនួនគឺល្អជាងពួកគេទៀតផង។   

គ្រួសាររបស់ខ្ញុំបានជួយគាំទ្រ និងជំរុញខ្ញុំគ្រប់បែបយ៉ាង ទើបខ្ញុំមានថ្ងៃនេះ។ មានឪពុកម្តាយជាច្រើននៅហុងកុង ពួគគេចង់ឲ្យកូនៗ ធំឡើងធ្វើជាមេធាវី ឬជាគ្រូពេទ្យដ៏ជំនាញម្នាក់ ប៉ុន្តែក្តីស្រមៃរបស់ខ្ញុំគឺក្លាយជាកីឡាករបាល់ទាត់អាជីពដ៏ល្បីម្នាក់វិញ។ ហើយឪពុកម្តាយខ្ញុំ បានជួយសម្រេចក្តីស្រមៃនេះ។ “

គួរឲ្យដឹងថា Ng Yee-Sun ដ្បិតទើបតែមានអាយុ ១៧ឆ្នាំ ប៉ុន្តែមានកម្ពស់ដល់ ១.៩៧ម៉ែត្រ ខណៈកាលពីកុមារភាពធ្លាប់ហ្វឹកហាត់បាល់ទាត់ដំបូងតាំងពីអាយុ ១០ឆ្នាំជាមួយក្លិប Kitchee SC នៃលីគកំពូលហុងកុង និងបន្តមកធ្លាប់ទៅហ្វឹកហាត់នៅក្លិបក្នុងប្រទេសចិនមួយចំនួន និងចុងក្រោយចាប់ផ្តើមឈានជើងមកដល់តំបន់អឺរ៉ុបដោយឆ្នាំដំបូងធ្លាប់ចូលរួមជាមួយ Rangers នៅស្កុតឡែន មុននឹងចូលរួមជាមួយ Sporting CP U19 នេះឯង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628