បាល់ទាត់

ផ្លូវការៈ Real Madrid ប្រើប្រាស់កីឡដ្ឋានហ្វឹកហាត់ សម្រាប់ការប្រកួត La Liga នៅសល់រដូវកាលនេះ

ក្រោយការប្រកាសពីម្សិលមិញនៃការអនុញ្ញាតជាផ្លូវការវិលត្រឡប់មកវិញនៃសកម្មភាពបាល់ទាត់ក្រ​បខណ្ឌលីគកំពូលអេស្ប៉ាញ (La Liga) ចាប់ពីថ្ងៃទី១១ ខែមិថុនា នេះតទៅ ដោយប្រកួតលក្ខណៈបិទទ្វារពុំមានអ្នកគាំទ្រ (Closed-Door Match) ដែលជាមូលហេតុនាំឲ្យ Real Madrid សម្រេចប្រើប្រាស់កីឡដ្ឋានហ្វឹកហាត់រៀងរាល់ដង សម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះតែម្តង។

ក្លិបអធិរាជស Real Madrid នឹងបើកឆាកការប្រកួតក្នុងដី ដោយត្រូវទទួលក្លិប Eibar នាថ្ងៃទី១៤ ខែមិថុនា ដោយនឹងប្រើប្រាស់កីឡដ្ឋាន Alfredo Di Stéfano ដែលមានទំហំផ្ទុកអ្នកទស្សនាបានសរុបត្រឹម ៦ពាន់នាក់ប៉ុណ្ណោះ (តែការប្រកួតពុំអនុញ្ញាតឲ្យមានអ្នកគាំទ្រឡើយ) ។

តាមការប្រកាសរបស់ក្លិបជើងឯកលីគកំពូលអេស្ប៉ាញ ៣៣សម័យកាលខាងលើនេះផ្ទាល់ ថ្នាក់ដឹកនាំក្លិបបានសម្រេច និងផ្ញើលិខិតដល់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ដោយស្នើសុំផ្លាស់ប្តូរក្នុងការប្រកួតក្នុងដីទាំងអស់ដែលនៅសល់របស់ពួកគេ នឹងផ្លាស់ពីកីឡដ្ឋានប្រើប្រាស់ជាប្រចាំពោលគឺ Bernabue ទៅកាន់កីឡដ្ឋាន Alfredo Di Stéfano រហូតដល់ដាច់រដូវកាល២០១៩/២០២០ នេះតែម្តង។

បច្ចុប្បន្នភាព Real Madrid កំពុងស្ថិតនៅលេខរៀងទី២ ក្នុងតារាង La Liga តាមពីក្រោយក្លិបគូប្រជែង FC Barcelona ដែលលើសចំនួន ២ពិន្ទុ ស្របពេលការប្រកួតបានឈានមកដល់សប្តាហ៍ទី២៧ និងនៅសល់ ១១សប្តាហ៍ទៀតទើបបញ្ចប់ការប្រកួតរដូវកាលនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628