កីឡាជាតិ

មេដាយស៊ីហ្គេម២ជំនាន់ត្រូវបានតំកល់ទុកក្នុងសារមន្ទីរកីឡាកម្ពុជា

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំពិធីប្រគល់ និងទទួលមេដាយជ័យលាភីស៊ីហ្គេម ២ជំនាន់ចុងក្រោយ គឺស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី និងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ព្រមទាំងទទួលគ្រឿងឥស្សរិយយស ដើម្បីធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា និងដំកល់ក្នុងសារមន្ទីរកីឡាកម្ពុជា។ ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរឡលើកឡើងថា នេះគឺជាការប្រមូលផ្តុំនូវសមិទ្ធផលជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលកីឡាករ កីឡាការិនី​ដណ្តើមបានលក្ខណៈអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម រួមទាំងគ្រូបង្វឹកដែលដឹកនាំ ដើម្បីដំកល់ទុកស្នាដៃមេដាយទាំងអស់នៅក្នុងសារមន្ទីរកីឡា តាមការណែនាំជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។ ការដំកល់ស្នាដៃនេះមានដូចជាមេដាយ ឯកសារពាក់ព័ន្ធនឹងប្រវត្តិរូប និងរូបថត នៃស៊ីហ្គេមទាំងពីរលើកនេះ។ ឯកឧត្តមបន្ថែមថា នេះគឺជាតម្លៃដ៏ថ្លៃថ្លាណាស់ ដែលបានកើតចេញពីការខិតខំ ប្រឹងប្រែងរបស់កីឡាករ គ្រូបង្វឹក ដែលស្នាដៃនេះនឹងមិនត្រឹមតែដំកល់ទុកក្នុងមជ្ឈមណ្ឌលវប្បធម៌កីឡាកម្ពុជានៃក្រសួង អប់រំ យុវជន និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែទៅថ្ងៃមុខអាចនឹងដំកល់ទុកជាស្នាដៃនៅតាមស្ថាប័នរាជរដ្ឋាភិបាលទៀត។

សូមបញ្ជាក់ថា មេដាយស៊ីហ្គេម២ជំនាន់នេះ មានចំនួន១០គ្រឿង ក្នុងនោះរកបានពីស៊ីហ្គេម ២០១៧ នៅម៉ាឡេស៊ី ចំនួន៤គ្រឿង ក្នុងនោះមានមេដាយមាស១ ដណ្តើមបានដោយកីឡាករ ឃុន ឌីម៉ា, ប្រាក់១គ្រឿងដណ្តើមបានដោយកីឡាករ ម៉ឺន សុភា និងសំរឹទ្ធ២គ្រឿង។ ចំពោះស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ឆ្នាំ២០១៩ ដណ្តើមបានសំរឹទ្ធ៤គ្រឿង ក្នុងនោះ១គ្រឿងបានពីកីឡាប្រដាល់​ឃីកបុក​ស៊ីង (Kick-Boxing)៕

អត្ថបទ៖ Cambodia SEA GAMES 2023

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628