បាល់ទាត់

តម្លៃខ្លួនអ្នកចាំទីកូនកាត់វៀតណាម-អឺរ៉ុប ៣នាក់កំពុងប្រកបអាជីពនៅក្រៅប្រទេស

អ្នកចាំទីជាតួនាទីសំខាន់មួយក្នុងល្បែងកីឡាបាល់ទាត់ ដែលជាទីតាំងមិនងាយនឹងមានការផ្លាស់ប្តូរទាំងក្នុងពេលប្រកួត ទាំងការជ្រើសរើសពីសំណាក់គ្រូបង្វឹក។ តួយ៉ាង! អ្នកចាំទីវៀតណាម ៣នាក់ខាងក្រោមនេះកំពុងប្រកបអាជីពនៅក្រៅប្រទេស និងសុទ្ធជាកូនកាត់អឺរ៉ុបទៀតផង ដែលអាចធ្វើឲ្យអ្នកគាំទ្រជម្រើសជាតិតំបន់អាស៊ីអាគ្នេយ៍មួយចំនួនច្រណែនផងដែរ។

ក្នុងពេលនេះក្រុមការងារ VEHA Media នឹងបង្ហាញឈ្មោះកីឡាករអ្នកចាំទីកូនកាត់វៀតណាម-តំបន់អឺរ៉ុប ៣នាក់ដែលសព្វថ្ងៃកំពុងប្រកបអាជីពនៅក្រៅប្រទេស រួមទាំងតម្លៃខ្លួនពួកគេថែមទៀតផងៈ

១. Dang Van Lam (វៀតណាម-រុស្សី)

ប្រិយមិត្តប្រហែលជាស្គាល់អ្នកចាំទីរូបនេះច្រើនមកហើយ ដោយកន្លងមកធ្លាប់បង្ហាញខ្លួនក្នុងឈុតជម្រើសជាតិ និងជាជម្រើសដៃទី១ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Park Hang-Seo ខណៈកន្លងទៅថ្មីៗ ទើបតែរួមចំណែកជួយវៀតណាមគ្រងជើងឯកព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១៨ ។ បច្ចុប្បន្នកីឡាករកើតនៅទីក្រុងម៉ូស្គូ ប្រទេសរុស្សីខាងលើមានវ័យ ២៦ឆ្នាំ និងកំពុងលេងឲ្យក្លិបយក្សថៃ Muangthong United ។ តាមការចុះផ្សាយចុងក្រោយ Dang Van Lam មានតម្លៃខ្លួនយ៉ាងតិច ២៣មុឺនដុល្លារ ស្របពេលមួយរយៈមុនក៏ធ្លាប់លេចលឺព័ត៌មានក្លិបជប៉ុនមួយចំនួនចង់បាន តែខាង Muangthong United ទាមទារដល់តម្លៃខ្លួន ១លានដុល្លារឯណោះ។

 

២. Filip Nguyen (វៀតណាម-សាធារណៈរដ្ឋឆែក) 

Filip Nguyen ជាអ្នកចាំទីមួយរូបមានឈ្មោះល្បីគួរសមនៅក្នុងក្របខណ្ឌលីគកំពូលឆែក ដោយបច្ចុប្បន្នកំពុងរួមរស់ជាមួយក្លិប FC Slovan Liberec នៃលីគកំពូលឆែកផ្ទាល់តែម្តង ព្រមទាំងទទួលរ៉ាប់រង់ក្នុងភារកិច្ចដៃទី១ ទៀតផង។ បច្ចុប្បន្នភាពកីឡាករកម្ពស់ ១.៩២ម៉ែត្រខាងលើ កំពុងធ្វើការយ៉ាងមមាញឹកជាមួយសហព័ន្ធបាល់ទាត់វៀតណាម (VFF) ដើម្បីសម្រេចក្តីស្រមៃពាក់អាវជម្រើសជាតិវៀតណាមឆាប់ៗ នាពេលខាងមុខ។ ដោយសារតែរូបគេកំពុងប្រកបអាជីពនៅលីគកំពូលតំបន់អឺរ៉ុបស្រាប់ តម្លៃខ្លួនលើសអ្នកចាំទី Dang Van Lam ដល់ជាង៤ដង ពោលគឺប្រមាណ ១.០៦លានដុល្លារ

 

៣. Patrik Le Giang (វៀតណាម-ស្លូវ៉ាគី)

មិនខុសគ្នាប៉ុន្មានពីអ្នកចាំទីខាងលើ កីឡាករ Patrik Le Giang ក៏កំពុងប្រកបអាជីបនៅលីគកំពូលឆែកដូចគ្នា ប៉ុន្តែកីឡាកររូបនេះធ្លាប់មានប្រវត្តិជាប់ក្នុងជម្រើសជាតិឈុត U19 និង U21 របស់ប្រទេសស្លូវ៉ាគី (ប្រទេសជាប់ព្រំដែនជាមួយឆែក) ។ កាលពីរដូវកាលមុនៗ អ្នកចាំទីវ័យ២៧ឆ្នាំរូបនេះលេងនៅក្របខណ្ឌលីគក្រោមៗ ប្រទេសឆែក និងស្លូវ៉ាគី តែទើបចូលរដូវកាល២០១៩/២០២០ នេះប៉ុណ្ណោះបានទទួលឳកាសចូលរួមជាមួយក្លិប Bohemians 1905 នៃលីគកំពូលឆែក ជាមួយតម្លៃខ្លួនផ្ទេរ ៤០មុឺនដុល្លារ។ កន្លងមករូបគេក៏ធ្លាប់បានធ្វើដំណើរមកប្រទេសវៀតណាម ក្នុងការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិមួយរយៈខ្លីដែរ ដ្បិតពុំដែលទទួលបានការកោះហៅ ឬចូលរួមលេងក៏ដោយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628