បាល់ទាត់

Southampton បន្តកិច្ចសន្យាអ្នកចាត់ការទូទៅដល់ឆ្នាំ២០២៤

អ្នកចាត់ការទូទៅនៃក្លិប Southampton សមាជិកលីគកំពូលអង់គ្លេស លោក Ralph Hasenhuttl បានចុះកិច្ចសន្យាថ្មីបន្ថែមសពុលភាពស្នាក់នៅជាមួយក្លិបរហូតដល់ឆ្នាំ២០២៤ ទោះបីក្នុងរដូវកាលនេះដឹកនាំពុំបានលទ្ធផលល្អប៉ុន្មានក៏ដោយ។ 

រំលឹកឡើងមកវិញុបុរសជនជាតិអូទ្រីស និងមានវ័យ ៥២ឆ្នាំខាងលើបានមកចូលរួមជាមួយ Southampton កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ។ មកទល់បច្ចុប្បន្នក្នុងរដូវកាលសម្រាកលីគដោយសារ COVID-19 រូបគាត់បានដឹកនាំសរុប ៦០ប្រកួត ឈ្នះ ២១លើក ស្មើរ ១៣លើក និងចាញ់ ២៦លើក ក្នុងនោះការចាញ់ធំបំផុតគឺ ដើមរដូវកាល២០១៩/២០២០ នេះតែម្តង ពោលចាញ់ Leicester City ក្នុងដីខ្លួនឯងដល់ទៅ ០ទល់៩ ។

យ៉ាងណាក្តី! ក្នុងការប្រកួតចូលមកដល់ខែធ្នូ និងខែមករា លោក Ralph Hesenhuttl បានបញ្ចេញស្នាដៃជួយ Southampton យកឈ្នះលើគូប្រជែងក្នុងលីគខ្លាំងដូចជា Chelsea (២-០) , ឈ្នះ Tottenham Hotspur (១-០) និងសងសឹក Leicester City (២-១) វិញផងដែរ។

បច្ចុប្បន្នភាព Southampton បានធ្លាក់ចេញពីពានខាប់ទាំងពីរនៅអង់គ្លេស FA Cup និង EFL Cup ហើយកំពុងឈរលេខរៀងទី១៤ ក្នុងតារាងលីគ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628