បាល់ទាត់

ផ្លូវការៈ លីគកំពូលជប៉ុន ចាប់ផ្តើមប្រកួតឡើងវិញថ្ងៃទី0៤ ខែកក្កដា

ក្រោយសម្រាកអស់រយៈពេលជាង ៣ខែដោយសារជំងឺរាតត្បាត COVID-19 ទីបំផុតលីគកំពូលជប៉ុន ដែលត្រូវប្រិយមិត្តក្នុងតំបន់ចាត់ទុកជាលីគល្អជាងគេមួយក្នុងទ្វីបអាស៊ី នឹងចាប់ផ្តើមប្រកួតឡើងវិញចាប់ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះតទៅ។

កាលបរិច្ឆេទខាងលើ ត្រូវបានប្រកាសជាផ្លូវការក្រោយអង្គប្រជុំរវាងគណៈកម្មការរៀបចំប្រកួតលីគជប៉ុន (J League) និងសមាគមបាល់ទាត់ជប៉ុន (JFA) ។ ក្រៅពីលីគកំពូលជប៉ុន វិលមកវិញថ្ងៃទី០៤ ខែកក្កដា ខែក្រោយនេះ លីគលំដាប់ទី២ និងលីគលំដាប់ទី៣ ក៏វិលមកវិញផងដែរ ពោលនៅចុងថ្ងៃទី២៧ ខែមិថុនា ដោយប្រកួតមុនលីគកំពូលចាប់ផ្តើម ១សប្តាហ៍។ សូមបញ្ជាក់ផងថា រាល់ការប្រកួតទាំងអស់នឹងពុំអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនានោះទេ (Closed-Door Match) ។

ដ្បិតនៅសល់រយៈពេល ១ខែទៀតទើបចាប់ផ្តើមការប្រកួត ប៉ុន្តែយោងតាមសេចក្តីប្រកាសដដែលបានអនុញ្ញាតឲ្យក្លិបនីមួយៗ ចាប់ផ្តើមប្រមូលផ្តុំកីឡាករហ្វឹកហាត់ឡើងវិញពីពេលនេះតទៅ តែតម្រូវឲ្យមានវិធានការគម្លាតសង្គម ដោយការហ្វឹកហាត់ត្រូវបែងចែកជាក្រុមតូចៗ និងមានការពិនិត្យឲ្យបានម៉ត់ចត់ ក៏ហាមមិនឲ្យប្រើប្រាស់ដបទឹកផឹករួមគ្នាផងដែរ។

រំលឹកមកវិញបន្តិច! មុនមកដល់ការសម្រាករយៈពេលជាង ៣ខែមកនេះ លីគកំពូលជប៉ុនរដូវកាល២០២០ បានដំណើរការ ១សប្តាហ៍រួចរាល់ទៅហើយ ខណៈក្នុងរដូវកាលនេះផ្ទាល់ក៏ពុំមានក្លិបត្រូវកាត់ចេញផងដែរ ដោយតាមគម្រោងនឹងតម្លើងក្លិបពីលីគលំដាប់ទី២ ចំនួន ២បន្ថែមទៀតដើម្បីបង្គ្រប់ ២០ក្លិបនារដូវកាលបន្ទាប់២០២១៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628