បាល់ទាត់

ឥណ្ឌូនេស៊ី ឧបត្ថម្ភ ៥៦ ០០០ដុល្លារ/ក្លិបក្នុងលីគកំពូល និងពុំមានក្លិបកាត់ចេញរដូវកាលនេះ

លីគកំពូលឥណ្ឌូនេស៊ី (Liga 1) នឹងវិលត្រឡប់មកវិញកំឡុងខែកញ្ញា ខាងមុខ ខណៈការប្រកួតក្នុងរដូវកាលនេះពុំមានការកាត់ចេញនោះឡើយ បន្ថែមពីនេះក្លិបនីមួយៗ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥៦ ០០០ដុល្លារដើម្បីទ្រទ្រង់សេដ្ឋកិច្ចពីវិបត្តិ COVID-19 ។

ព័ត៌មានខាងលើត្រូវបានចុះផ្សាយដោយយោងទៅតាមលទ្ធផលនៃការប្រជុំរបស់សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ដោយពាក់ព័ន្ធនឹងបើកដំណើរការសកម្មភាពបាល់ទាត់ឡើងវិញ នាកំឡុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខ។ បន្ថែមពីនេះ ក្នុងរដូវកាល២០២០ នេះផ្ទាល់នឹងពុំមានការកាត់ក្លិបចេញទៅកាន់លីគលំដាប់ទី២ ឡើយ ខណៈក្លិបក្នុងលីគលំដាប់ទី២ ចំនួន ២ក្លិប (ជើងឯក និងជើងឯករង) នឹងតម្លើងស្វ័យប្រវត្តិមកកាន់លីគកំពូលរដូវកាល២០២១។ មានន័យថា រដូវកាលបន្ទាប់២០២១ លីគកំពូលឥណ្ឌូនេស៊ី នឹងមានក្លិ​បប្រកួតប្រជែងចំនួន ២០ក្លិប លើសពីរាល់ឆ្នាំមានតែ ១៨ក្លិប។

ក្រៅពីនេះ សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានសម្រេចបញ្ចេញថវិកាខ្លួនជួយទ្រទ្រង់ និងរួមជាចំណែកទប់ស្កាត់វិបត្តិសេដ្ឋកិច្ចគ្រប់ក្លិបក្នុងសម័យកាលជំងឺរាតត្បាត COVID-19 តាមរយៈការជួយឧបត្ថម្ភក្នុង ១ក្លិបទទួលបានប្រាក់ ៥៦ ០០០ដុល្លារ។ ចំណែកក្លិបនៅលីគលំដាប់ទី២ និងលីគលំដាប់ទី៣ ក៏មានការឧបត្ថម្ភដូចគ្នាតែក្នុងកម្រិតកញ្ចប់ថវិកាខុសៗ ពីគ្នា។ គួរឲ្យដឹងថា លីគកំពូលឥណ្ឌូនេស៊ីរដូវកាល២០២០ បានចាប់ដំណើរការប្រកួត ៣សប្តាហ៍ទៅហើយ មុននឹងឈានដល់ការសម្រាកជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថា គិតមកទល់ថ្ងៃនេះប្រទេសឥណ្ឌូនេស៊ី បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 សរុបជិត ៣មុឺននាក់ ក្នុងនោះជាសះស្បើយជាង ៨ពាន់នាក់ និងមានអ្នកស្លាប់ ជាង ១ ៦០០នាក់ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628