បាល់ទាត់

ក្លិបទី២ ត្រូវ UEFA ពិន័យមិនឲ្យលេងពានកម្រិតទ្វីប ព្រោះល្មើសគោលការណ៍ដូច Man City

ក្លិបកំពុងឈរកំពូលតារាងលីគកំពូលទួរគី Trabzonspor ត្រូវបានសមាគមបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ធ្វើការដាក់ពិន័យរយៈពេល ១ឆ្នាំពេញ ព្រោះល្មើសនឹងគោលការណ៍ប្រើប្រាស់ហិរញ្ញវត្ថុលើសដែនកំណត់ (Financial Fair Play Regulations) ។

យោងតាមការប្រកាសពីសមាគមបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នឹងអនុវត្តន៍ការដាក់ពិន័យនេះចាប់ពីរដូវកាលក្រោយតទៅ មានន័យថាបើគិតជាចំនួនឆ្នាំដដែល ក្លិប Trabzonspor នឹងអវត្តមានពីពានទ្វីបអឺរ៉ុបទាំង ២កម្រិត (UEFA Champions League និង UEFA Europa League) រយៈពេល ២រដូវកាល ២០២០/២០២១ និង ២០២១/២០២២។

បើតាមរបាយការណ៍ដដែល ក្លិបជើងឯកលីគកំពូលទួរគី ៦សម័យកាលខាងលើត្រូវបាន UEFA ស៊ើបឃើញមានការចាយវាយល្មើសគោលការណ៍ហិរញ្ញវត្ថុ (Financial Fair Play Regulations) តាំងពីឆ្នាំ២០១៩ មកម្ល៉េះ។

គួរឲ្យដឹងថា បច្ចុប្បន្ន Trabzonspor កំពុងកាន់កាប់កំពូលតារាងលីគកំពូលទួរគី ជាបណ្តោះអាសន្ន ដោយមានពិន្ទុស្មើរជាមួយក្លិប Istanbul Basaksehir និងតាមពីក្រោយដោយលេខរៀងទី៣ Galatasaray ។ តែពេលនេះលីគក៏កំពុងសម្រាកដោយសារជំងឺរាតត្បាត COVID-19 ខណៈព័ត៌មានចុងក្រោយ គ្រោងនឹងបើកឲ្យដំណើរការវិញនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ខាងមុខឆាប់ៗ នេះ។

រំលឹកបន្តិច! ចំពោះការពិន័យបែបដូចខាងលើ ក្នុងរដូវកាលនេះពុំមានជារឿងថ្មីឡើយ ស្របពេលដែលក្លិបក្របខណ្ឌលីគកំពូលអង់គ្លេស Manchester City ក៏ជួបប្រទះបែបនេះផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628