បាល់ទាត់

AFC Champions League គ្រោងផ្លាស់ប្តូររូបមន្ត និងកាត់បន្ថយចំនួនប្រកួតរដូវកាលនេះ

សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) គ្រោងនឹងរៀបចំកែប្រែច្បាប់ ឬរូបមន្តនៃការប្រកួតព្រឹត្តិការណ៍ក្លិបលំដាប់ទ្វីបកម្រិតទី១ AFC Champions League រដូវកាល២០២០ មួយចំនួន ដើម្បីសម្រួលទៅនឹងស្ថានភាពរាតត្បាត COVID-19 នាពេលបច្ចុប្បន្ន។

យោងទៅតាមការចុះផ្សាយពីកាសែតម៉ាឡេស៊ី Vocketfc បានបង្ហាញឲ្យដឹងថា ក្រោយអង្គប្រជុំរវាងគណៈកម្មការរៀបចំការប្រកួតនៃសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) និងតំណាងក្លិបក្នុងពានរង្វាន់ AFC Champions League នារដូវកាលនេះកាលពីម្សិលមិញ បានឯកភាពឲ្យសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី នឹងកែប្រែរូបមន្តនៃការប្រកួតរដូវកាល២០២០ ខណៈលទ្ធផលនៃការកែប្រែនឹងប្រកាសនាពេលឆាប់ៗ ខាងមុខ។

តែបើតាមការបង្ហើបឲ្យដឹងមួយចំនួននៃស្មារតីអង្គប្រជុំមានដូចជា ការវិលត្រឡប់មកលេងវិញកំឡុងខែសីហា ខាងមុខ និងអ្វីសំខាន់នោះគឺ ការរៀបចំឲ្យមានការប្រកួតតែ១ជើងៗ ប៉ុណ្ណោះក្នុងការប្រកួត ដើម្បីសម្រួល និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19 ដែលតម្រូវឲ្យក្លិបនីមួយៗ ត្រូវធ្វើដំណើរឆ្លងប្រទេសច្រើនជើង។ តាមហេតុលផលនេះ ការប្រកួតដែលនៅសល់នឹងមានន័យថាត្រូវកាត់បន្ថយជាងប្រកួតរៀងរាល់ឆ្នាំ។

គួរឲ្យដឹងផងថា ក្នុងចំណោមប្រទេសទាំង ១២ ដែលមានក្លិបចូលរួមព្រឹត្តិការណ៍ AFC Champions League រដូវកាល២០២០ ទើបតែមានប្រទេសកូរ៉េខាងត្បូង មួយប៉ុណ្នោះដែលអនុញ្ញាតវិលមកបើកសកម្មភាពបាល់ទាត់មុនគេ ខណៈ ១១ប្រទេសផ្សេងទៀត ដោយខ្លះមានគម្រោងវិលមកវិញខែក្រោយដូចជា ជប៉ុន ចិន… ជាដើម និងខ្លះទៀតពុំទាន់ប្រាកដនៅឡើយ។

ក្រៅពីប៉ុន្មានចំណុចខាងលើ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងជ្រើសរើសទឹកដីកណ្តាលណាមួយឲ្យសមស្រប និងធានាសុវត្ថិភាពជៀសពីជំងឺឆ្លង COVID-19 នឹងធ្វើការប្រកួតតែ ១លើកតែម្តង ដែលខុសពីរៀងរាល់ឆ្នាំត្រូវប្រកួត ២ជើង (ក្នុងដី/ក្រៅដី) ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628