បាល់ទាត់

គ្រូអឺរ៉ង់ U19 ទើបជួយឈ្នះពានកម្រិតតំបន់ថ្មីៗ ដកខ្លួនពីតំណែងមុន AFC U19 មកដល់

សហព័ន្ធបាល់ទាត់អឺរ៉ង់ (FFIRI) បានប្រកាសពីការចាកចេញរបស់លោក Sirous Pourmousavi គ្រូបង្គោលជម្រើសជាតិអឺរ៉ង់ឈុត U19 ខណៈព្រឹត្តិការណ៍ AFC U19 Championship ឆ្នាំ២០២០ ក៏កាន់តែខិតជិតមកដល់ដូចគ្នា។

គ្រូបង្វឹកវ័យ ៤៩ឆ្នាំជាជនជាតិអឺរ៉ង់ផ្ទាល់ខាងលើ បានប្រកាសដើរចេញពីតួនាទីដឹកនាំក្រុមជម្រើសជាតិ U19 ពីម្សិលមិញនេះ តែបើតាមការចុះផ្សាយរបស់កាសែត Tehran Times សហព័ន្ធបាល់ទាត់អឺរ៉ង់ (FFIRI) ពុំទាន់បានបញ្ជាក់មូលហេតុច្បាស់លាស់នៅឡើយនោះទេ គ្រាន់តែដឹងថាជាការសម្រេចចិត្តផ្ទាល់របស់លោក។

រំលឹកមកវិញលោក Sirous Pourmousavi បានចូលកាន់តំណែងខាងលើតាំងពីចុងឆ្នាំ២០១៨  ដែលនេះជាការដឹកនាំក្រុមជម្រើសជាតិលើកដំបូងក្នុងអាជីព ដ្បិតរូបគាត់មានប្រវត្តិដឹកនាំក្លិបក្នុងលីគកំពូលអឺរ៉ង់មួយចំនួនមកហើយតាំងពីផ្តើមអាជីពក្នុងឆ្នាំ២០០៧ មកម្ល៉េះ។

សមិទ្ធផលរបស់លោកត្រូវបានគេសង្កេតឃើញជាក់ស្តែង គឺការជួយក្រុមជម្រើសជាតិអឺរ៉ង់ឈុត U19 នេះគ្រងជើងឯកពានរង្វាន់ CAFA Junior Championship ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីឆ្នាំ២០១៩ កន្លងទៅថ្មីៗ ដែលជាពានរង្វាន់យុវជន U19 កម្រិតតំបន់អាស៊ីកណ្តាល មាន៦ប្រទេសចូលរួម។

បន្ថែមពីនេះស្នាដៃមួយវិញទៀតគឺការដណ្តើមយកកៅអីឲ្យឈុតយុវជន U19 ដដែលនេះក្នុងនាមជាម្ចាស់ផ្ទះវគ្គជម្រុះទៅកាន់ AFC U19 Championship ឆ្នាំ២០២០ ដែលរៀបចំកាលពីចុងឆ្នាំ២០១៩ កន្លងទៅ បានលទ្ធផលជោគជ័យទាំង ៣ប្រកួត ឈរកំពូលតារាង ដោយបានយកឈ្នះលើ កៀហ្ស៊ីជីស្ថាន នេប៉ាល់ និងអារ៉ាប់រួម។

ក្រឡេកមើលព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ី AFC U19 Championship ឆ្នាំ២០២០ ដែលជាការរៀបចំលើកទី៤១ នឹងប្រព្រឹត្តទៅក្នុងប្រទេសអូប៊េគីស្ថាន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ខាងមុខ។ ក្នុងនោះក៏មានជម្រើសជាតិកម្ពុជា U19 ចូលរួមផងដែរ ហើយក៏មានលទ្ធភាពចាប់ឆ្នោតប៉ះគ្នាក្នុងពូលរួមផង ពីព្រោះក្រុមជម្រើសជាតិទាំងទ្វេស្ថិតនៅក្នុងប្រអប់ចាប់ឆ្នោតវគ្គចែកពូលខុសគ្នា៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628