បាល់ទាត់

Yaya Toure ចង់មកលេងនៅលីគតំបន់អាស៊ីអាគ្នេយ៍ ប្រសិនមានក្លិបចាប់អារម្មណ៍

អតីតខ្សែបម្រើល្បីឈ្មោះរបស់ក្លិប FC Barcelona និង Manchester City ពោលគឺ Yaya Toure បច្ចុប្បន្នភាពកំពុងស្វែងរកក្លិបនាតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបន្តលេងក្នុងអាជីពចុងក្រោយរបស់ខ្លួនមុនឈានដល់ពេលចូលនិវត្តន៍។ 

ព័ត៌មានពាក់ព័ន្ធនឹងអតីតកីឡាករជម្រើសជាតិកូឌីវ័រខាងលើ ត្រូវបានចុះផ្សាយដោយ Goal ដែលបានបញ្ជាក់ពីភ្នាក់ងារកីឡាកររបស់ Yaya Toure ផ្ទាល់ ថាបច្ចុប្បន្នក្រោយចាកចេញពីក្លិបចិន រូបគាត់កំពុងស្វែងរក និងរង់ចាំសំណើចង់បានពីក្លិបណាដែលចាប់អារម្មណ៍គាត់ ដោយជាពិសេសមានចេតនាចង់មកលេងនៅលីគក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន លីគម៉ាឡេស៊ី , លីគថៃ , លីគវៀតណាម និងលីគឥណ្ឌូនេស៊ី។

គួរឲ្យដឹងផងថាកីឡាករវ័យ ៣៧ឆ្នាំរូបនេះដ្បិតមានអាយុជ្រេរបន្តិចទៅហើយក្តី ប៉ុន្តែមិនទាន់ដាច់ចិត្តព្យួរខ្សែស្បែកជើងចូលនិវត្តន៍នោះទេ ខណៈចុងក្រោយបានលេងឲ្យក្លិប Qingdao Huanghai កាលពីរដូវកាលមុន២០១៩ និងបានរួមចំណែកជួយឲ្យឡើងមកលីគកំពូលចិននារដូវកាល២០២០នេះទៀតផង ប៉ុន្តែរូបគាត់ និងក្លិបបានសម្រេចចែកផ្លូវគ្នាកាលពីដើមឆ្នាំកន្លងទៅ។

រំលឹកទៅអតីតកាលបន្តិចវិញ! Yaya Toure ធ្លាប់បានបង្ហាញសមត្ថភាពជាមួយក្លិបធំៗ តំបន់អឺរ៉ុបដូចជា AS Monaco, FC Barcelona និង Manchester City ដោយបានរួមចំណែកឈ្នះពានជាច្រើនដូចជា លីគកំពូលអេស្ប៉ាញ ២សម័យកាល, លីគកំពូលអង់គ្លេស ៣សម័យកាល, UEFA Champions League ១លើក, UEFA Super Cup ១លើក, FIFA Club World Cup ១សម័យកាល និងពានរង្វាន់ជាច្រើនទៀត។

ក្នុងជម្រើសជាតិវិញរូបគាត់ក៏ធ្លាប់ជួយកូឌីវ័រ ក្លាយជាជើងឯកប្រចាំទ្វីបអាហ្វ្រិកក្នុងឆ្នាំ២០១៥ (Africa Cup of Nations) ហើយក៏ធ្លាប់ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំទ្វីបអាហ្រ្វិក ៤ឆ្នាំជាប់គ្នាពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ផងដែរ៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628