បាល់ទាត់

Chelsea ផ្តល់ជម្រើស ៣យ៉ាងសម្រាប់អ្នកគាំទ្រទិញសំបុត្រចូលទស្សនាក្នុងដីនៅសល់រដូវកាលនេះ

ក្លិបតោខៀវ Chelsea ចេញសេចក្តីប្រកាសផ្តល់ជម្រើស ៣យ៉ាងដល់អ្នកគាំទ្រខ្លួនដែលបានជាវនូវសំបុត្រចូលរួមទស្សនាការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេសពេញរដូវកាល សម្រាប់យកថវិកាវិញ ខណៈការប្រកួតដែលនៅសល់នារដូវកាលនេះត្រូវធ្វើឡើងដោយលក្ខណៈបិទទ្វារ (ពុំអនុញ្ញាតឲ្យមានអ្នកចូលទស្សនា) ដើម្បីចូលរួមបង្ការជំងឺរាតត្បាត COVID-19 ។

ទីបំផុតលីគកំពូលអង់គ្លេស (Premier League) នឹងវិលត្រឡប់មកវិញចាប់ពីថ្ងៃទី១៧ ខែមិថុនា នេះតទៅ ប៉ុន្តែគ្រប់ការប្រកួតដែលនៅសល់ទាំងប៉ុន្មាន ត្រូវលេងដោយគ្មានអ្នកចូលរួមទស្សនា។ គិតមកដល់មុនពេលសម្រាកមួយរយៈកាលដោយសារជំងឺរាតត្បាតសាកលខាងលើ លីគកំពូលអង់គ្លេសបានដំណើរការដល់សប្តាហ៍ទី២៩ ទៅហើយ ដូច្នេះមានន័យថានៅសល់ ៩សប្តាហ៍ទៀតទើបបញ្ចប់។

ចំពោះក្លិបដែលកំពុងឈរលេខរៀងទី៤ ក្នុងតារាងលីគនេះ បើយោងតាមកាលវិភាគនៅសល់គឺត្រូវប្រើប្រាស់កីឡដ្ឋាន Stamford Bridge តែ ៤លើកទៀតប៉ុណ្ណោះ ក្នុងចំណោម ៩ប្រកួតដែលនៅសល់ ដោយរួមមានប៉ះ Manchester City, Watford, Norwich City និងប្រកួតបិទរដូកាលប៉ះ Wolves ។

ដូច្នេះហើយសម្រាប់ការប្រកួតដែលនៅសល់ទាំង៤ ខាងលើចំពោះអ្នកគាំទ្រដែលបានជាវសំបុត្ររួចរាល់ ឬបានជាវកញ្ចប់សំបុត្រចូលទស្សនាពេញរដូវកាលក្នុងដី ខាងក្លិបទីក្រុងឡុងដ៍នេះ ក៏បានដោះស្រាយធានាសងវិញដោយផ្តល់ជាជម្រើស ៣យ៉ាងដូចខាងក្រោម ឲ្យអ្នកគាំទ្រជ្រើសដោយខ្លួនឯងរួមមានៈ

ទី១ សងជាប្រាក់វិញដោយមានតម្លៃស្មើរនឹងការចូលទស្សនាប្រកួតទាំង ៤ ដែលនៅសល់

ទី២ អាចទុកសំបុត្រនេះសម្រាប់ទស្សនាការប្រកួតនារដូវកាលក្រោយ ២០២០/២០២១ ចំនួប ៤​ប្រកួតដោយឥតគិតថ្លៃវិញ

ទី៣ អាចបរិច្ឆាគសំបុត្រជាថវិកាចូលក្នុងមូលនិធិសប្បុរធម៌របស់ក្លិបដើម្បីរួមចំណែកទៅក្នុងការផ្គត់ផ្គង់ដល់ជនគ្មានទីជម្រក ឬកុមារកំព្រា និងមួយចំណែកនៃថវិកាទៀតនឹងជួយរដ្ឋាភិបាលអង់គ្លេសប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628