បាល់ទាត់

ផ្លូវការៈ ក្រុម Chelsea នារីគ្រងជើងឯកលីគកំពូលអង់គ្លេស ទោះឈរលេខ២ពីក្រោម Man City នារី

ជាផ្លូវការ ក្រុមបាល់ទាត់នារី Chelsea បានគ្រងដំណែងជើងឯកលីគកំពូលនារីអង់គ្លេស (FA Women’s Super League) ដោយសមាគមបាល់ទាត់អង់គ្លេស (FA) បានគណនាពិន្ទុតាមរូបមន្ត Points per Game ដ្បិតលីគទាំងមូលត្រូវបញ្ចប់មុនពេលកំណត់ដោយសារតែជំងឺរាតត្បាត COVID-19 ។

លីគកំពូលបាល់ទាត់នារីអង់គ្លេស មាន១២ក្លិបចូលរួមប្រកួតប្រជែង ដោយក្នុងរដូវកាល២០១៩/២០២០ Chelsea ជាអ្នកទទួលបានជើងឯកក្រោយពីឆ្លងកាត់ការប្រកួត ១៥សប្តាហ៍ ឈ្នះ ១២លើក និងស្មើរ ៣លើក មិនដែលចាញ់ ខណៈជើងឯករងបានទៅលើ Manchester City ដែលឆ្លងកាត់ប្រកយត ១៦សប្តាហ៍ ឈ្នះ ១៣លើក ស្មើរ ១លើក និងចាញ់ ២លើក។

ដ្បិតបែបនេះក្តី! ប៉ុន្តែខាងសមាគមបាល់ទាត់អង់គ្លេស (FA) បានសម្រេចបញ្ចប់លីគដោយគណនាតាមរូបមន្ត (PPG) ពោលគឺ យកពិន្ទុសរុបដែលក្លិបនីមួយៗ មានស្រាប់ចែកនឹងចំនួនការប្រកួតដែលរួចរាល់ ដូច្នេះហើយបានរុញច្រានឲ្យ Chelsea ឈរកំពូលតារាង មានពិន្ទុមធ្យម ២.៦០ ចំណែក Manchester City ធ្លាក់មកក្រោមវិញដោយមានពិន្ទុ ២.៥០ ។ យ៉ាងណាក៏ដោយ! ក្លិបទាំងទ្វេ នឹងកក់កៅអីលេងពានអន្តរជាតិ UEFA Women’s Champions League នារដូវកាលបន្ទាប់។

ចំណែកក្រុមបាល់ទាត់នារី Liverpool គឺស្ថិតនៅបាតតារាងនឹងត្រូវកាត់ចេញទៅក្របខណ្ឌលីគបាល់ទាត់នារីលំដាប់ទី២ ដោយជំនួសមកវិញដោយក្រុមបាល់ទាត់នារី Aston Villa ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628