បាល់ទាត់

ជម្រុះ World Cup: កាលវិភាគថ្មីរៀបចំនៅខែតុលា និងខែវិច្ឆិកា ខណៈកម្ពុជាសល់ ៣ប្រកួត

សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ទីបំផុតបានចេញកាលវិភាគថ្មីសម្រាប់ការប្រកួតដែលនៅសល់ក្នុងដំណើរឆ្ពោះទៅកាន់ FIFA World Cup 2022 និង AFC Asian Cup 2023 ដោយគ្រងនឹងរៀបចំនៅខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីបញ្ចប់ការប្រកួតក្នុងជុំទី២ ទាំងអស់។

 

រំលឹកមកវិញបន្តិចតាមកាលវិភាគចាស់ ការប្រកួតជម្រុះជុំទី២ ក្នុងទ្វីបអាស៊ី ត្រូវធ្វើឡើងតាំងពីកំឡុងខែមីនា និងខែមិថុនា នេះតទៅ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែវិធានការចូលរួមទប់ស្កាត់ជំងឺឆ្លងសកល COVID-19 ។

តែក្រោយការប្រជុំសម្រេចពីសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) និងមានការអនុញ្ញាតពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានឯកភាពឲ្យរៀបចំការប្រកួតឡើងវិញ ដោយបានកំណត់កាលបរិច្ឆេទរួចរាល់ ពោលគឺរៀបចំនៅថ្ងៃទី០៨ និងថ្ងៃទី១៣ ខែតុលា ខណៈ២ប្រកួតចុងក្រោយបង្អស់រៀបចំនៅថ្ងៃទី១២ និងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដូចគ្នា។

ក្រឡេកមើលជម្រើសជាតិកម្ពុជាយើងវិញដែលស្ថិតនៅក្នុងពូល C គឺនៅសល់តែ ៣ប្រកួតប៉ុណ្ណោះ ដូច្នេះតាមកាលវិភាគថ្មីៈ

ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ៈ បារ៉ែន (ម្ចាស់ផ្ទះ) vs កម្ពុជា

ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ៈ កម្ពុជា (ម្ចាស់ផ្ទះ) vs អឺរ៉ង់

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ៈ អឺរ៉ាក់ (ម្ចាស់ផ្ទះ) vs កម្ពុជា 

 

*រូបភាពៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា! 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628