បាល់ទាត់

កាតាៈ កីឡដ្ឋានផ្ទុកអ្នកទស្សនាច្រើនលំដាប់ទី៣ នៅ World Cup 2022 សាងសង់រួចរាល់

ប្រទេសកាតា បានប្រកាស និងជូនដំណឹងជាផ្លូវការដល់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ពីភាពជោគជ័យក្នុងការសាងសង់រួចរាល់ទៅតាមគម្រោងចំពោះកីឡដ្ឋានថ្មីទី៣ និងជាកីឡដ្ឋានផ្ទុកអ្នកទស្សនាច្រើនជាងគេលំដាប់ទី៣ ដែលគ្រោងនឹងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ ខាងមុខ។

កីឡដ្ឋានមួយនេះមានឈ្មោះថា Education City Stadium ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Al Rayyan នៅជាប់ព្រំប្រទល់រាជធានី Doha តែម្តង។ កីឡដ្ឋានថ្មីនេះអាចផ្ទុកអ្នកទស្សនាសរុប ៤៥ ៣៥០នាក់ ដែលចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៦ និងបញ្ចប់ក្នុងពាក់កណ្តាលឆ្នាំ២០២០ នេះទៅតាមគម្រោងផែនការ។

ការសាង់សង់រួចរាល់នេះជាសមិទ្ធផលកីឡដ្ឋានទី៣ បន្ទាប់ពីកីឡដ្ឋាន  Khalifa International Stadium សាងសង់រួចរាល់ឆ្នាំ២០១៧ និង The Inauguration of Al Janoub Stadium សាងសង់រួចរាល់ឆ្នាំ២០១៩ កន្លងទៅ។

គួរបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ ម្ចាស់ផ្ទះកាតា បានកំណត់យក ៨កីឡដ្ឋានសម្រាប់រៀបចំ ដោយក្នុងនោះស្ថិតនៅទីក្រុងចំនួន ៥ផ្សេងៗ ពីគ្នា ខណៈកីឡដ្ឋាន Lusail Stadium ជាកីឡដ្ឋានឈានមុខធំបំផុតផ្ទុកអ្នកទស្សនាសរុប ៨០ ០០០នាក់ បន្ទាប់មកជាកីឡដ្ឋាន Al Khor Stadium ផ្ទុកអ្នកទស្សនាសរុប ៦០ ០០០នាក់ និងលំដាប់ទី៣ គឺកីឡដ្ឋាន Education City Stadium នេះតែម្តង។ ក្រៅពីនេះ កីឡដ្ឋានផ្សេងៗទៀតផ្ទុកអ្នកទស្សនាយ៉ាងតិចណាស់ ៤០ ០០០នាក់ឡើងផងដែរ៕

ខាងក្រោមនេះជារូបភាពកីឡដ្ឋាន Education City Stadium សាងសង់រួចរាល់ៈ

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628