បាល់ទាត់

អ្នកនាំពាក្យ Leicester ផ្តាំទៅ Chelsea ថា Ben Chilwell មិនស្ថិតក្នុងបញ្ជីលក់ចេញទេ

អ្នកនាំពាក្យពីក្លិបកញ្ជៀងខៀវ Leicester City បានចេញមុខបញ្ចប់ក្តីស្រម៉ៃរបស់លោក Frank Lampard ដោយបានអះអាងថាកីឡាករ Ben Chilwill ដែលមួយរយៈចុងក្រោយនេះល្បីថាផ្ទេរចេញទៅក្លិប Chelsea មិនអាចកើតឡើងទេ ព្រោះក្លិបពុំមានគម្រោង ឬដាក់ឈ្មោះកីឡាកររូបនេះក្នុងបញ្ជីលក់ចេញពេលនេះឡើយ។

យោងតាមសារព័ត៌មានចុះផ្សាយព្រៀងព្រៀតមួយរយៈពេលថ្មីៗនេះ ក្លិបតោខៀវ Chelsea មានគម្រោងចង់ធ្វើការទិញយកខ្សែគារពារស្លាបឆ្វេងជម្រើសជាតិអង់គ្លេសរូបនេះ មកត្រៀមជំនួសតំណែងកីឡាករអេស្ប៉ាញ Marcos Alonso និងកីឡាករអ៊ីតាលី Emerson Palmieri ដែលរដូវកាល២០១៩/២០២០ ក្រោមការដឹកនាំរបស់លោក Frank Lampard ហាក់ដូចជាពុំសូវមានការចាប់អារម្មណ៍។

យ៉ាងណាក្តី! បើតាមការចេញផ្សាយចុងក្រោយរបស់ Telegraph បានឲ្យដឹងថា អ្នកនាំពាក្យពីក្លិប Leicester City ផ្ទាល់បានបង្ហើបឲ្យដឹងថាក្លិបគ្មានគម្រោងនឹងលក់កីឡាករ Ben Chilwell ក្រោយបញ្ចប់រដូវកាល២០១៩/២០២០ នេះទៅឲ្យក្លិបដទៃឡើយ បើទោះបីជាមានព័ត៌មានចចាមអារ៉ាមថាកីឡាករវ័យ ២៣ឆ្នាំរូបនេះជាគោលដៅចម្បងរបស់ក្លិប Chelsea ក្តី។

កន្លងមក Leicester City អាចរកចំណូលបានមិនស្ទើរនោះទេ ជាពិសេសគិតតែចំពោះការលក់កីឡាករ ៣រូបរួមមាន N’Golo Kante,  Riyad Mahrez និង Harry Maguire ទៅកាន់ Chelsea និង Manchester United កន្លងមករកបាន ១៧០លានផោនទៅហើយ។

ក្រឡេកមើលតោខៀវ Chelsea វិញ ក្នុងសប្តាហ៍នេះហាក់ដូចជាចាប់អារម្មណ៍លើកីឡាករជាច្រើន និងជាពិសេសព័ត៌មានល្បីខ្លាំងក្នុងការចរចារផ្ទេរយកខ្សែប្រយុទ្ធ Timo Werner ពីក្លិបអាល្លឺម៉ង់ RB Leipzig ផងដែរនោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628