បាល់ទាត់

ចិន ពិន័យយុវជនជម្រើសជាតិ-U19 ៦នាក់ មិនឲ្យពាក់ព័ន្ធបាល់ទាត់កន្លះឆ្នាំព្រោះលួចដើរលេងយប់

សមាគមបាល់ទាត់ចិន (CFA) បានចេញសេចក្តីប្រកាសធ្វើការដាក់ពិន័យលើយុវជនជម្រើសជាតិឈុតក្រោមវ័យ ១៩ឆ្នាំ ចំនួន ៦រូប មិនឲ្យពាក់ព័ន្ធនឹងវិស័យបាល់ទាត់រយៈពេល ៦ខែ ឬកន្លះឆ្នាំ ក្រោយពីរកឃើញពួកគេលួចចេញពីជំរុំហ្វឹកហាត់ទាំងកណ្តាលយប់ដើម្បីរកគ្រឿងសុរាទទួលទាន។

គួរបញ្ជាក់ផងថា សមាគមបាល់ទាត់ចិន (CFA) បានជ្រើសរើសយកកីឡាករប្រមូលផ្តុំឈុត U19 សរុបចំនួន ៣៥នាក់ស្ថិតនៅទីក្រុង Shanghai ដោយចាប់ផ្តើមហ្វឹកហាត់តាំងពីពាក់កណ្តាលខែឧសភា មកម្ល៉េះ ដោយក្នុងគោលដៅចម្បងគឺត្រៀមខ្លួន ក៏ដូចជាការអភិវឌ្ឍខ្លួនទៅកាន់ព្រឹត្តិការណ៍អូឡាំពិកនាពេលខាងមុខ។ ដូច្នេះហើយក្រុមជម្រើសជាតិចិន U19 ក្នុងរដូវកាលនេះក៏ត្រូវមានភារកិច្ចដោយបានដាក់បញ្ចូលលេងក្នុងក្របខណ្ឌលីគលំដាប់ទី៣ ចិនផងដែរ។

តែយ៉ាងណា! ពេលនេះសមាគមបាល់ទាត់ចិន (CFA) ដដែល ក៏បានធ្វើការពិន័យកីឡាករក្នុងឈុតខាងលើនេះចំនួន ៦នាក់ (ពុំទាន់បញ្ចេញឈ្មោះ) ក្រោយមានភ័ស្តុតាងច្បាស់លាស់ថាពួកគេបានលួចចេញពីជំរុំហ្វឹកហាត់ទាំងកណ្តាលយប់ ដើម្បីដើរលេង និងរកគ្រឿងសុរាទទួលទាន មិនត្រឹមតែប៉ុណ្ណោះការចាកចេញដោយមានចំនួនមនុស្សល្មើសនឹងគោលការណ៍គម្លាតសង្គម ក្នុងការការពារជំងឺរាតត្បាត COVID-19 ទៀតផង។

ទោះយ៉ាងនេះក៏ដោយ កីឡាករទាំង ៦រូបមិនត្រូវបានដកឈ្មោះចេញពីបញ្ជីក្រុមជម្រើសជាតិនោះទេ ប៉ុន្តែមានន័យថាពួកគេទាំងប៉ុន្មាននាក់នឹងត្រូវអវត្តមានពីទីលានប្រកួត ពោលគឺអាចបានត្រឹមហ្វឹកហាត់ជាមួយក្រុម តែមិនបានលេងនោះទេរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628