បាល់ទាត់

អតីតជម្រើសជាតិអាល្លឺម៉ង់ Mario Gomez អាចទៅលេងលីគកំពូលជប៉ុន ខែក្រោយ

អតីតខ្សែប្រយុទ្ធនៃក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ Mario Gomez អាចនឹងធ្វើដំណើរទៅចូលរួមជាមួយក្លិប Vissel Kobe សមាជិកនៃលីគកំពូលជប៉ុន សម្រាប់រដូវកាល២០២០ នេះ។

បច្ចុប្បន្នភាពកីឡាករវ័យ ៣៤ឆ្នាំរូបនេះកំពុងលេងឲ្យក្លិប VfB Stuttgart សមាជិកនៃលីគលំដាប់ទី២ អាល្លឺម៉ង់ ខណៈតាមកិច្ចសន្យានឹងត្រូវអស់សពុលភាពត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង។ ដោយសារមូលហេតុនេះ ក្លិបលីគកំពូលជប៉ុន Vissel Kobe គ្រោងនឹងរង់ចាំដល់ថ្ងៃផុតកិច្ចសន្យា នឹងដាក់ស្នើជាផ្លូវការនាំយកកីឡាកររូបនេះដោយគ្មានតម្លៃខ្លួនទៅចូលរួម។

គួរបញ្ជាក់ផងថាក្លិបជប៉ុនខាងលើក្នុងរដូវកាល២០២០ មានឈ្មោះលេងក្នុងក្របខណ្ឌពានទ្វីបអាស៊ី AFC Champions League ខណៈក៏មានវីរៈបុរសក្លិបយក្សអេស្ប៉ាញ FC Barcelona ពោលគឺ Andres Iniesta នៅទីនោះជារួមផង។

រំលឹកទៅអតីតកាលបន្តិច Mario Gomez ចាប់ផ្តើមអាជីពជាមួយក្លិប VfB Stuffgart នេះតែម្តងមុនបន្តផ្ទេរមកចូលរួមជាមួយ FC Bayern Munich កាលពីដើមឆ្នាំ២០១០ ដោយបានរួមចំណែកកសាងស្នាដៃដូចជាពាន លីគកំពូលអាល្លឺម៉ង់ ២សម័យកាល , ពានបើករដូវកាល ២សម័យកាល , ពានអាល្លឺម៉ង់ខាប់ ២សម័យកាល ក៏ដូចជា UEFA Champions League ក្នុងឆ្នាំ២០១៣ ផងដែរ។

កន្លងទៅក្នុងជម្រើសជាតិក៏ធ្លាប់ជួយអាល្លឺម៉ង់ ឈរលេខរៀងទី៣ ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១០ និងជើងឯករង UEFA Euro ឆ្នាំ២០០៨ ទៀតសោត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628