បាល់ទាត់

គោលដៅឈ្នះមេដាយមាសស៊ីហ្គេម​២០២៣​ស្ថិត​លើយុទ្ធសាស្រ្ដទាំង១២​នេះ

ក្នុង​មហាសន្និបាតលើក​ទី​១៤​ របស់​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា​ កាល​ពី​ព្រឹកថ្ងៃ​ទី​០៨​ ខែ ​មិថុនា ឆ្នាំ ​២០២០ នៅ​សណ្ឋាគារ​ ហ្គាដិនស៊ីធី អង្គមហាសន្និបាត​បាន​រក​ឃើញ​ចំណុច​១២​យ៉ាង​ សម្រាប់​ការអភិឌ្ឍន៍​កីឡាបាល់​ទាត់ឈានទៅ​រក​ភាព​ជោគជ័យ ពិសេស​គោលដៅ​យក​មេដាយមាស​ ក្នុង​នាម​ជា​ក្រុម​ម្ចាស់​ផ្ទះ។

ប្រធាន​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា ឯកឧត្តម សៅ​សុខា បាន​មាន​ប្រសាសន៍​ថា ការ​រំពឹងយក​មេដាយមាស​នៅ​ស៊ីហ្គេមក្នុងឆ្នាំ​២០២៣ ​មិន​មែន​ជា​រឿង​ងាយ​ស្រួល ហើយ​អ្វី​ដែល​ជា​កត្តាកង្វល់​របស់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ គឺ​គុណភាពកីឡាករ ប៉ុន្តែ​យ៉ាងណាក៏​ដោយ!​ការ​ដាក់​គោលដៅ​ដ៏​ខ្ពស់​នេះ ទាល់​តែ​ឆ្លងកាត់​យុទ្ធសាស្រ្ត​ទាំង​១២​នេះ​ទើប​អាច​ទៅ​រួច។

ប្រធានសហព័ន្ធកីឡាបាល់ទាត់​កម្ពុជារូបនេះបាន​លើក​យក​១២​ចំណុច​៖​ “ហេដ្ឋារចនាសម្ព័ន្ធបាល់​ទាត់​ដែល​មាន​ដូច​ជា​ទីលាន​ធម្មជាតិ សិប្បនិមិត្ត ភ្លើងបំភ្លឺក្នុង​ការ​ប្រកួតឬហ្វឹកហាត់ មជ្ឍមណ្ឌលប្រកួត​ ហ្វឹកហាត់​ ទីស្នាក់ការរដ្ឋបាល​ដោយ​ប្រើ​ប្រាស់ជំនួយ FIFA Forward 2019-2022 និង​ថវិកាផ្សេងៗទៀតរបស់​​ FFC។ ២- ការ​អភិវឌ្ឍន៍ក្លិប/សមាគមកីឡាបាល់​ទាត់​ទូទាំងប្រទេស៖ ដើម្បី​ផ្ដល់គុណភាព​ការ​គ្រប់​គ្រង រដ្ឋបាល និង​អភិវឌ្ឍន៍កីឡាបាល់​ទាត់ឲ្យ​កាន់​តែ​ទូលំទូលាយ​ក្នុង​ប្រទេស”។

“៣- រចនាសម្ព័ន្ធប្រកួត៖​រៀប​ចំបង្កើតនិង​ពង្រីករចនាសម្ព័ន្ធប្រកួតគ្រប់​រាជធានីខេត្ត។ ៤-បង្កើតគុណភាពលីគថ្នាក់ជាតិ ឲ្យកាន់​តែ​មាន​កម្រិតប្រកួតប្រជែង និង​មាន​រចនាសម្ព័ន្ធល្អ​ប្រសើរ។ ៥-កម្មវិធីកីឡាបាល់​ទាត់​ថ្នាល និង​យុវជន៖​បង្កើតកម្មវិធី​កីឡាបាល់​ទាត់​ថ្នាល និង​យុវជនឲ្យ​កាន់​តែទូលំទូលាយ ដើម្បីឲ្យ​មានការចូលរួម​កាន់​តែ​ច្រើន ជា​ពិសេស​ពង្រីកគម្រោងសាលាតម្រង់​ទិស​ទាំងបុរស និង​នារីឲ្យ​មាន​ទូទាំងប្រទេស។ ៦-ការ​កសាងធនធានមនុស្ស៖ មាន​គ្រូ អាជ្ញាកណ្ដាល គ្រូ​បង្គោល គ្រូ​ជំនួយ មន្រ្តីបច្ចេកទេសកីឡាបាល់ទាត់​រដ្ឋបាល ​និង​មន្រ្តី​ជំនាញវិស៍យបាល់ទាត់គ្រប់​ប្រភេទ។

សម្រាប់​យុទ្ធសាស្រ្តដទៃ​ទៀត​មាន៖“៧- ក្រុមជម្រើស​ជាតិ៖ បង្កើតកម្មវិធី​អភិវឌ្ឍន៍ក្រុម​ជម្រើស​យុវជន គ្រប់កម្រិតអាយុ ដល់​ក្រុម​ជម្រើស​ជាតិទាំងបុរស​និងនាទី​។​ ៨- បាល់​ទាត់​ក្នុង​សាល៖បង្កើតកម្មវិធី​អភិវឌ្ឍន៍បាល់ទាត់​ក្នុង​សាល ទាំងបុរស និង​នារី ជា​ពិសេសរៀប​ចំរចនាសម្ព័ន្ធប្រកួតថ្នាក់​ជាតិទូទាំងប្រទេស។៩- កីឡាបាល់ទាត់​នារី៖​បង្កើត​កម្មវិធីអភិវឌ្ឍន៍កីឡាបាល់​ទាត់​នារី​ទាំង​១១​នាក់​ម្ខាង​និង​ ក្នុង​សាល។ ១០-​ទទួល​រៀបចំធ្វើ​ម្ចាស់​ផ្ទះដោយ​រៀប​ចំ​ផែនការសកម្មភាព និង​ថវិកាដើម្បី​ទទួលធ្វើ​ម្ចាស់​ផ្ទះ ការ​ប្រកួតគ្រប់កមម្រិតតាម​គោលដៅយុទ្ធសាស្រ្តបច្ចេកទេស និង​សេដ្ឋកិច្ច “។

ចុង​ក្រោយនៅ​២ចំណុចទៀត​គឺ​​ពង្រឹងអគ្គលេខាធិកាដ្ឋាន ស.ប.ក៖​ដើម្បី​ការ​វិវឌ្ឍថ្មីនិង​ឈាន​ទៅ​រកគុណភាពកាន់​តែ​ប្រសើរផ្នែកសេវាកម្មគ្រប់​បែបយ៉ាងដល់​សមាជិក និង​គ្រួសារកីឡាបាល់​ទាត់អាអស់របស់ FFC។ អ្វី​ដែល​ស្ថិត​ក្នុង​ចំណុច​ទី​១២​គឺ​អ្នក​គាំទ្រ។ រៀបចំបង្កើតកម្មវិធីគ្រប់​គ្រង អ្នក​គាំទ្រដើម្បីការ​អភិវឌ្ឍន៍និង​និរន្តនរភាព៕

រូបភាព៖សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628