បាល់ទាត់

អ្នកចាំទីជម្រើសជាតិអូស្ត្រាលីម្នាក់ តេស្តឃើញផ្ទុកជំងឺ COVID-19 នៅប្រទេសជប៉ុន

អ្នកចាំទីវ័យចាស់នៃក្រុមជម្រើសជាតិអូស្ត្រាលី កីឡាករ Mitchell Langerak  ត្រូវបានធ្វើតេស្តឃើញមានផ្ទុកជំងឺ COVID-19 ជាផ្លូវការ នេះបើតាមការប្រកាសផ្ទាល់ពីក្លិប Nagoya Grampus សមាជិកនៃលីគកំពូលជប៉ុន។

ក្លិប Nagoya Grampus បានរៀបចំការធ្វើតេស្តលើសមាជិកក្រុមការងារគ្រូបង្វឹក កីឡាករ និងក្រុមបុគ្គលិកដទៃទៀតដើម្បីបញ្ជាក់ថាគ្មានជំងឺ COVID-19 ដើម្បីចូលរួមធានាក្នុងការវិលត្រឡប់មកវិញនៃសកម្មភាពបាល់ទាត់ក្នុងប្រទេសជប៉ុន។

យ៉ាងណាក្តី! ក្រោយការធ្វើតេស្ត ក៏បានរកឃើញកីឡាករ ២រូបបានផ្ទុកជំងឺកំពុងរាតត្បាតសកលនេះដោយរួមមានខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Mu Kanazaki និងអ្នកចាំទីសញ្ជាតិអូស្ត្រាលីរូបនេះ។ បច្ចុប្បន្នភាពកីឡាករទាំង ២រូបត្រូវបានក្លិបបញ្ចូនទៅកាន់មន្ទីរសម្រាកព្យាបាលដាច់ដោយឡែកក្នុងមូលដ្ឋានក្លិបដើម្បីផ្តល់ភារកិច្ចជូនក្រុមវេជ្ជបណ្ឌិតព្យាបាល និងតាមដាន។

កីឡាករអ្នកចាំទី Mitchell Langerak ធ្លាប់មានប្រវត្តិបង្ហាញខ្លួនក្នុងតំបន់អឺរ៉ុប ពោលដោយបានឈានជើងទៅដល់ក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund ៥រដូវកាលពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ មុនចាកចេញទៅលេងឲ្យក្លិប VfB Stuttgart ២រដូវកាលទៀត ហើយបន្តផ្ទេរទៅកាន់ក្របខណ្ឌលីគកំពូលអេស្ប៉ាញជាមួយក្លិប Lavente UD តែបានកន្លះរដូវកាលមិនទទួលឳកាសបង្ហាញសមត្ថភាពក៏សម្រេចផ្ទេរមកកាន់លីគកំពូលជប៉ុនជាមួយក្លិប Nagoya Grampus ពីដើមឆ្នាំ២០១៨ រហូតដល់សព្វថ្ងៃ។

ក្រឡេកមើលលីគកំពូលជប៉ុនឯណោះវិញ បានសម្រាកដោយសារជំងឺរាតត្បាត COVID-19 តាំងពីកំឡុងខែកុម្ភៈ មកម្ល៉េះ ប៉ុន្តែគ្រោងនឹងវិលត្រឡប់មកវិញនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628