បាល់ទាត់

COVID-19 បណ្តាលឲ្យ ប្រេស៊ីល ដកឈ្មោះប្រជែងបេក្ខភាពម្ចាស់ផ្ទះ Women’s World Cup 2023

ជាផ្លូវការសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានប្រកាសដកខ្លួនចេញពីបេក្ខភាពប្រជែងយកសិទ្ធិរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក FIFA Women’s World Cup ឆ្នាំ២០២៣ ដោយមូលហេតុចម្បងព្រោះតែកង្វះថវិកា ដោយត្រូវបង្វែរទៅទប់ទល់នឹងជំងឺរាតត្បាត COVID-19 ។

ពីម្សិលមិញនេះសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បានផ្ញើលិខិតផ្លូវការទៅសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដោយលើកអំពីមូលហេតុវិបត្តិថវិកា ព្រោះរដ្ឋាភិបាលប្រេស៊ីលបច្ចុប្បន្នកំពុងត្រូវការបង្វែរថវិកាគម្រោងជាច្រើនមកចូលរួមទប់ស្កាត់ ឬប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ។ ដូច្នេះជាមូលហេតុសំខាន់ ជំរុញឲ្យ ប្រេស៊ីល សម្រេចចិត្តដកខ្លួនពីបេក្ខភាពប្រជែងយកសិទ្ធិរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់នារីធំបំផុតក្នុងលោក FIFA Women’s World Cup នាឆ្នាំ២០២៣ ។

ដោយឡែកក្រោយពីការដកខ្លួនរបស់ ប្រេស៊ីល ដូចនេះនៅសល់បេក្ខភាព ៣ផ្សេងទៀត មកពី ៤ប្រទេសនឹងបន្តប្រជែងគ្នារកសម្លេងឆ្នោតគាំទ្រ ដែលគ្រោងនឹងរៀបចំនាថ្ងៃទី២៥ ខែមិថុនា ចុងខែនេះជាការប្រជុំលក្ខណៈ Online រៀបចំដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ។ បេក្ខភាពទាំង ៣ ដែលនៅសល់រួមមាន (១) ជប៉ុន  (២)កូឡុំប៊ី និង (៣) អូស្ត្រាលី ចាប់ដៃគូជាមួយ ណូវែលហ្សេឡង់ ។

គិតមកទល់ព្រឹកនេះ ប្រេស៊ីល ជាប្រទេសឈរលំដាប់ថ្នាក់ទី២ ក្នុងពិភពលោកមានអ្នកកើតជំងឺ COVID-19 ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ដោយប្រទេសក្នុងតំបន់អាមេរិកខាងត្បូងនេះមានសរុបជាង ៧១មុឺននាក់ ដោយអ្នកស្លាប់ជិត ៤មុឺននាក់ទៅហើយ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628