កីឡាជាតិ

កាលបរិច្ឆេទចាប់ឆ្នោត និងប្រកួតពានសម្តេច ហ៊ុន សែន ខាប់ថ្នាក់ខេត្តវគ្គ៨ក្រុមចុងក្រោយ

ពានរង្វាន់សម្តេច ហ៊ុន សែន ខាប់ (ថ្នាក់ខេត្ត) រដូវកាល២០២០ បានឈានមកដល់វគ្គ ៨ក្រុមចុងក្រោយ ខណៈនឹងត្រូវចាប់ឆ្នោតជ្រើសរើសគូប្រកួតក្នុងថ្ងៃច័ន្ទ ទី១៥ សប្តាហ៍ក្រោយ នឹងត្រូវរៀបចំប្រកួតឡើងវិញចាប់ពីថ្ងៃទី៣០ ខែមិថុនា ចុងខែនេះតទៅ។

ក្នុងការប្រជុំរវាងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា – CNCC និងតំណាងក្រុមទាំង៨ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ថ្នាក់ខេត្ត អំពីបច្ចេកទេសនៃការប្រកួត និងវិធានការណែនាំពីសុវត្ថិភាពដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ នៅក្នុងដំណើរការការប្រកួតឡើងវិញ ក្រោយពីសម្រាកមួយរយៈពេលព្រោះជំងឺរាតត្បាត COVID-19 ។

ចំពោះការចាប់ឆ្នោតនឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ១១ៈ០០នាទីព្រឹក។ ក្រុមជម្រើសជាតិខេត្តដែលបានឆ្លងផុតវគ្គចែកពូលឡើងមកដល់វគ្គ ៨ក្រុមចុងក្រោយក្នុងរដូវកាលនេះរួមមានតាមចំណាត់ថ្នាក់ៈ

ចំណាត់ថ្នាក់ទី ១ ខេត្តសៀមរាប (លេខ១ ពូល B)
ចំណាត់ថ្នាក់ទី២ ខេត្តព្រៃវែង (លេខ១ ពូល C)
ចំណាត់ថ្នាក់ទី៣ ខេត្តកំពង់ស្ពឺ (លេខ១ ពូល D)
ចំណាត់ថ្នាក់ទី៤ ខេត្តកែប (លេខ១ ពូល E)
ចំណាត់ថ្នាក់ទី៥ ខេត្តកំពង់ឆ្នាំង (លេខ១ ពូល A)
ចំណាត់ថ្នាក់ទី៦ ខេត្តត្បូងឃ្មុំ (លេខ២ ពូល C)
ចំណាត់ថ្នាក់ទី៧ ខេត្តកោះកុង (លេខ២ ពូល E)
ចំណាត់ថ្នាក់ទី៨ ខេត្តកណ្តាល (លេខ២ ពូល D) ។

ដូច្នេះក្រុមពីលេខរៀងទី១ ដល់លេខរៀងទី៤ នឹងត្រូវឈរតាមលំដាប់លេខរៀងដដែល ខណៈឯក្រុមពីលេខេរៀងទី៥ ដល់លេខរៀងទី៨ ត្រូវចាប់ឆ្នោតប៉ះពីលេខរៀងទី១ ដល់លេខរៀងទី៤ (ក្នុងករណីក្រុមធ្លាប់ស្ថិតក្នុងពូលជាមួយគ្នា ត្រូវចាប់ឡើងវិញ)។

ក្រោយការចាប់ឆ្នោតរួចរាល់ ការប្រកួតនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទីផ្តាច់ព្រ័ត្រ (ថ្នាក់ខេត្ត) ទី២៩ ខែកក្កដា ឆ្នាំ២០២០៕

 

*រូបភាពៈ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន !

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628