បាល់ទាត់

AFC U19: កូរ៉េខាងត្បូង ចាប់ផ្តើមប្រមូលផ្តុំយុវជនហ្វឹកហាត់ពីសប្តាហ៍ក្រោយតទៅ

ក្រុមជម្រើសជាតិកូរ៉េខាងត្បូងឈុត U19 គឺជាឈុតជម្រើសជាតិដំបូងគេរបស់ប្រទេសតំបន់អាស៊ីខាងកើតមួយនេះ ក្នុងការកោះហៅប្រមូលផ្តុំកីឡករចូលជំរុំហ្វឹកហាត់ក្នុងសម័កាលជំងឺរាតត្បាត COVID-19 ដោយជាការត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ AFC U19 Championship នាពេលខាងមុខនេះ។

តាមសេចក្តីប្រកាសរបស់សមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) នឹងអនុញ្ញាតឲ្យលោក Kim Jung-Soo គ្រូបង្គោលជម្រើសជាតិឈុត U19 ត្រៀមចេញបញ្ជីឈ្មោះកីឡាករសរុបចំនួន ៣៦នាក់ចូលក្នុងជំរុំហ្វឹកហាត់ចាប់ពីថ្ងៃច័ន្ទ សប្តាហ៍ក្រោយតទៅដែលមានមូលដ្ឋាននៅរដ្ឋធានីសេអ៊ូល។

ការហ្វឹកហាត់មុនគេមុនឯង ដោយក្នុងគោលដៅបំប៉នកាយសម្បទារ ក៏ដូចជាការត្រៀមរៀបចំទម្រង់លេងឲ្យបានល្អមួយដើម្បីប្រជែងពានរង្វាន់ AFC U19 Championship ផង និងមានគោលដៅដណ្តើមកៅអីទៅលេងព្រឹត្តិការណ៍ FIFA U20 World Cup នាឆ្នាំ២០២១ ផងដែរ (ក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទើបទទួលបានកៅអីនេះ) ។

ក្រឡេកទៅមើលលទ្ធផលវគ្គជម្រុះ AFC U19 Championship កន្លងទៅ កូរ៉េខាងត្បូងស្ថិតនៅក្នុងពូល I ដោយធ្វើបានយ៉ាងល្អ ពោលឆ្លងកាត់ ៣ប្រកួតយកឈ្នះទាំងអស់លើ ចិន សិង្ហបុរី និងម្ចាស់ផ្ទះក្នុងពូល មីយ៉ាន់ម៉ា ដោយរកបាន១៨គ្រាប់សរុប និងរបូតវិញតែ១គ្រាប់ប៉ុណ្ណោះ។

ចំណែកព្រឹត្តិការណ៍ AFC U19 Championship តែម្តងនឹងរៀបចំឡើងដោយឆ្នាំនេះមានប្រទេសអូប៊េគីស្ថាន ជាម្ចាស់ផ្ទះ ហើយប្រព្រឹត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ខាងមុខ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628